ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ថ្កោលទោស ​ការ​គាំទ្រ ​របស់​ក្រុមប្រទេស G7 ចំពោះ​ការ​ដាក់​ទណ្ឌកម្មឡើងវិញ ពីសំណាក់​អង្គការ​សហប្រជាជាតិ

xinhua

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាអ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់លោក Esmaeil Baghaei កាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោស ក្រុមប្រទេសG7 សម្រាប់ការគាំទ្រការស្តារឡើងវិញ នូវទណ្ឌកម្ម របស់អង្គការសហប្រជាជាតិលើទីក្រុងតេហរ៉ង់។

កាលពីថ្ងៃពុធ សេចក្តីថ្លែងការណ៍ ដែលចេញដោយរដ្ឋមន្ត្រីការបរទេស G7 បានសម្តែងការគាំទ្រចំពោះការធ្វើឱ្យសកម្មនៃយន្តការដែលស្គាល់ថា snapback ដោយបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលហៅថា E3 ដើម្បីដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់។

G7 បានចោទប្រកាន់រដ្ឋាភិបាលអ៊ីរ៉ង់ថា បានបរាជ័យជាបន្តបន្ទាប់ក្នុងការបំពេញកាតព្វកិច្ច របស់ខ្លួនក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយមហាអំណាចពិភពលោក ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។

លោក Baghaei បានរិះគន់សេចក្តីថ្លែងការណ៍របស់ G7 ថាជា ការលាក់ពុត និងបំភ្លៃការពិត ដោយនិយាយថា ការយល់ព្រមរបស់ G7 លើ E3 និងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់ បានបង្កើតការគាំទ្រ សម្រាប់សកម្មភាពដែល បំពានច្បាប់អន្តរជាតិ ។

លោកបានថែមទាំងធ្វើការច្រានចោលការអះអាង ដែលថា E3 និងវ៉ាស៊ីនតោនបានផ្តល់ផ្លូវការទូតដោយសុច្ចរិត ដោយបន្ទោសការដកសហរដ្ឋអាមេរិកចេញ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ក្នុងឆ្នាំ២០១៨និង ការរំលោភច្បាប់អន្តរជាតិឥតឈប់ឈរ សម្រាប់វិបត្តិបច្ចុប្បន្នផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top