ម្ចាស់ស្ថានីយ៍ប្រេងមួយកន្លែង នៅក្រុងតាខ្មៅ យកកាំភ្លើងខ្លីវាយឡានយោធាម្នាក់ បណ្ដាលឲ្យបែកកញ្ចក់ និងស្ដុប ដោយសារខឹងចតមុខផ្ទះ

កណ្ដាល ៖ ម្ចាស់ស្ថានីយ៍ប្រេងមួយកន្លែង នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានយកកាំភ្លើងខ្លីវាយឡានមន្រ្តីយោធាម្នាក់បណ្ដាលឲ្យបែកកញ្ចក់ និងស្ដុបទាំងសងខាង ព្រោះខឹងចតមុខផ្ទះពិបាកចេញចូល។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅមុខដេប៉ូប្រេងតេលាឈ្មោះ ហែម ឡុងសុភ័ក្ដ្រ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ដើមបណ្តឹងឈ្មោះ ប៉ូ ផានិត អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្នោ ឃុំជៃកំពត ស្រុកព្រះស្តេច ខេត្តព្រែវែង ខណៈម្ចាស់ដេប៉ូប្រេង ដែលរងការចោទប្រកាន់ឈ្មោះ ហែម ឡុងសុភ័ក្ដ្រ អាយុ៤៦ឆ្នាំ មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
មុនពេលកើតហេតុ ឈ្មោះ ប៉ូ ផានិត បានបើករថយន្ត របស់ខ្លួនចេញពីកន្លែងជួសជុលរថយន្តមួយកន្លែង ក្នុងគោលបំណងមកលេង ផ្ទះបងប្អូនរស់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ នៅពេលមកដល់ ផ្ទះបងប្អូន ជនរងគ្រោះបានចតរថយន្ត នៅខាងមុខការ៉ាស់សាំង របស់ឈ្មោះ ហែម ឡុងសុភ័ក្ដ្រ។ ចំណែកជនរងគ្រោះ ក្រោយចតរថយន្តហើយ ក៏បានដើរចូលទៅហូបបាយ ក្នុងផ្ទះបងប្អូនបាត់ទៅ ។

លុះបានប្រហែលកន្លះម៉ោងក្រោយមក ជនរងគ្រោះក៏បានដើរមកមើលរថយន្តរបស់ខ្លួនវិញ ក៏ឃើញមានស្នាមបែកកញ្ចក់ បែកស្តុបសងខាង និងកំពិតទ្វារខាងក្រោយ ទើបផ្អើលឆោឡោឡើង និងបានរាយការណ៍ប្តឹងមក សមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ឲ្យចុះជួយអន្តរាគមន៍ដល់កន្លែងកើតហេតុ។
ក្រោយឆែកកាមេរ៉ាសុវត្ថិភាព ក៏ឃើញឈ្មោះ ហែម ឡុងសុភ័ក្ដ្រ បានយកកាំភ្លើងខ្លី វាយកញ្ចក់ និងស្តុបសងខាងបណ្តាលឲ្យបែក រួចហើយបើករថយន្តបុកពីក្រោយបណ្តាលឲ្យកំពិតទ្វារក្រោយធ្លាក់លើផ្លូវ ពេលធ្វើសកម្មភាពរួចរាល់ឈ្មោះ ហែម ឡុងសុភ័ក្ត្រ ក៏បានដើរចូលទៅក្នុងផ្ទះបាត់ទៅ។

បច្ចុប្បន្នកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍បានកំពុងចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ដើម្បីរកជនបង្កយកមកចាត់ការតាមនីតិវិធី៕
