ព័ត៌មានជាតិ

កម្មករ-កម្មការិនី ផ្ទុះការតវា រហូតឈានដល់ការបិតផ្លូវជាតិលេខ៣ ទាមទាឱ្យម្ចាស់រោងចក្រ គោរពលក្ខការងារ

កំពង់ស្ពឺ: កម្មករ-កម្មការិនី បានធ្វើកូដកម្មនៅមុខរោងចក្រ (តារាល អ៊ីនធើណេសិនណល ឯ.ក).TARAL INTERNATIONAL CO. LTD. តាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រហូតបានបិទកំណាត់ផ្លូវជាតិ ថែមទៀតផង កាលពីព្រឹកថ្ងៃទី៣ខែតុលាឆ្នាំ២០២៥ ។

លោក ចឹក បូរិន្ទ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តកំពង់ស្ពឺ និងក្រុមការងារ បានបើកកិច្ចប្រជុំដោះស្រាយ វិវាទ ការងារបន្ទាន់ ចំពោះអ្វីដែលក្រុមកម្មករនិយោជិត ទាមទារឱ្យក្រុមហ៊ុន អនុវត្តលក្ខខណ្ឌទូទៅ នៃការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ លក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌ នៃរបបសន្តិសុខសង្គម ឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ ។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក អ៊ូ រតនា អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ និងជាប្រធានក្រុមអន្តរាគមន៍ដោះស្រាយទី៣ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

តាមរាយការណ៍ពីមន្រ្តី នៅក្នុងរោងចក្រ មានកម្មករ-កម្មការីនីធ្វើការចំនួន ៥៥០៧០នាក់ (ស្រី៣៣១០នាក់) ហើយពួកគាត់សុំឲ្យរោងចក្រកុំកាត់លុយថ្ងៃ និងប្រាក់បំណាច់ឆ្នាំ។ ពួកគាត់បានធ្វើកូដកម្មតាំងពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដោយសារតែគ្មានដំណោះស្រាយ ទើបឈានទៅបិតផ្លូវនាពេលនេះតែម្តង។

ក្រោយកើតហេតុភាពបែបនេះ មន្រ្តីក្រសួងការងារ និងមន្ទីរការងារខេត្តកំពង់ស្ពឺ បានចុះសម្របសម្រួល និងដោះស្រាយជាមួយតំណាងរោងចក្រ និងកម្មករ-កម្មការិនី ដើម្បីបញ្ចប់រឿងវិវាទ ហើយបងប្អូនកម្មករបានបើកផ្លូវឡើងវិញ ៕ ដោយ:សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|រូបថតមន្ទីរការងារ|

To Top