ព័ត៌មានជាតិ

កំហឹងរឿងទារប្រាក់១០មុឺន ប្រែក្លាយជាករណីប៉ុនប៉ង ឃាតកម្ម

មណ្ឌលគិរីៈជនរងគ្រោះវ័យជាង៧០ឆ្នាំម្នាក់ ស្ទើរតែបាត់បង់ជីវិត ក្រោយពេលជនសង្ស័យព្យាយាមខ្ទប់ច្រមុះមាត់ នៅលើផ្ទះពេលកំពុងលង់លក់ក្នុងដំណេក កាលពីម៉ោង២និង២០នាទីរំលងអាធ្រាតុថ្ងៃទី៣ខែតុលាឆ្នាំ២០២៥ចំណុចផ្ទះជនរងគ្រោះ នាភូមិពូរ៉ាដែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះឈ្មោះសុខ ប៊ុនរឿន ភេទស្រីអាយុ៧៥ឆ្នាំជាកសិករ បានផ្តល់ចម្លើយទៅនគរបាលមូលដ្ឋានថា នៅយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០២ ជាងយប់ ខ្លួនកំពុងតែសម្រាកលង់លក់ក៏ ស្រាប់តែមានមនុស្សដែលមិនស្គាល់អត្តសញ្ញាណ ដោយសារងងឹតមើលពុំឃើញ ។ ជននោះក៏បានយកដៃបោចសក់ខ្លួនរហូតដល់ចេញឈាម ដោយសារតែមុតក្រចក និងដៃម្ខាងទៀតលូកចូលមាត់បំណងមិនអោយនាងខ្ញុំស្រែក ហើយនាងខ្ញុំក៏ស្រែកខ្លាំងៗថាពុទ្ធោ  ពុទ្ធោ ពេលនោះជនសង្ស័យ​ ក៏បានរត់ចេញទៅក្រៅវិញបាត់ទៅ ដោយខ្លាចមានអ្នកជិតខាងជួយ។

ក្រោយការស្តាប់ការបញ្ជាក់នុងស្រាវជ្រាវ បន្ថែមសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងនគរបាលមូលដ្ឋានក្រោមការចង្អុល បង្ហាញពីលោកឧត្តមសេនីយ៍ទោឡោសុខា បានកំណត់មុខសញ្ញានិងឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ជ្រើស សីលា ភេទប្រុសអាយុ៥៣ឆ្នាំ ទីលំនៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ជននេះសារភាពថា នៅវេលាម៉ោង ៥និង 00 នាទីល្ងាចថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៥ ខ្ញុំចេញពីធ្វើការ រួចក៏ទៅផឹកស្រាបៀរអស់កន្លះកេះ ពេលហូបនោះមានគ្នា ៣ នាក់១. ឈ្មោះ បងវ៉ន២.ឈ្មោះ រ៉ែន រួមទាំងខ្ញុំ ផឹកនៅផ្ទះថៅកែខ្ញុំធ្វើការ ឈ្មោះអឿន ដល់ម៉ោង ៧ យប់ខ្ញុំបានឈប់ផឹកស្រារួចដើរត្រឡប់ទៅផ្ទះចំការម្រេចថៅកែវិញដល់ម៉ោង ៧ និង ៥៧ នាទី ហូបបាយរួចខ្ញុំ ក៏ចូលដេករហូតដល់ម៉ោង ១ និង៣០នាទី រំលងអាធ្រាតខ្ញុំភ្ញាក់ឡើងនឹកឃើញអ៊ុំ មិនស្គាលឮឈ្មោះ តែខ្ញុំឮ(ជាជនរងគ្រោះ) ទារលុយខ្ញុំជំពាក់គាត់ចំនួន ១០ ម៉ឺនកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ខ្ញុំក៏ខឹងគាត់រួចដើរទៅផ្ទះអ៊ុំនោះ ដែលមានចម្ងាយពីកន្លែងខ្ញុំ ស្នាក់នៅប្រហែល ៣០០ ម៉ែត្រដោយខ្ញុំបានយកខ្សែអង្រឹង ដែលសល់ពីចងម៉ាស៊ីនកាត់ស្មៅដាក់ក្នុងហោប៉ាវខោទុកសម្រាប់ទាក់ឆ្កែ នៅតាមផ្លូវទៅផ្ទះអ៊ុំក្នុងគោលបំណង សួរនាំរឿងពីថ្ងៃមុន ខ្ញុំក៏យកគល់ឈើជិតទ្វារផ្ទះគាត់ ចេញដោយមានប្រឡោះប៉នក្បាលឱនចូលបានរួចងើបមក កាច់មែកខ្នុរធ្វើទំពក់ទាញគន្លឹះទ្វារ ទាញគន្លឹះហើយខ្ញុំចូលក្នុងផ្ទះ ឈរមើលគាត់តែមិនបានដាស់គាត់ទេរួចគាត់បើកភ្នែកមកឃើញខ្ញុំគាត់ស្រែកថាចោរ ខ្ញុំក៏រត់ចូលទៅយកភួយខ្ទប់មាត់ និងបោចសក់គាត់ខ្ទប់នឹងពូក ដែលកំពុងដេកលើគ្រែ ហើយខ្ញុំបានរត់ទៅបិតប៉ារ៉ែតភ្លើង ដោយភ័យខ្លាចអ្នកជិតខាងដឹង ខ្ញុំក៏រត់ចេញទៅផ្ទះវិញក៏ពុំដឹងថាជ្រុះខ្សែរអង្រឹង និងមួកនោះទេ បញ្ជាក់គោលបំណងដែលខ្ញុំទៅផ្ទះគាត់ គឺខឹងគាត់ទារលុយខ្ញុំកាលពីថ្ងៃមុន មិនមានបំណងសម្លាប់គាត់នោះទេគ្រាន់តែចិត្តខឹងចង់វាយគាត់ឲ្យបាត់ខឹង ។

បច្ចុប្បន្នភស្តុតាងមួយចំនួនត្រូវរឹបអូសចំណែក ជនសង្ស័យត្រូវបានឃាត់ខ្លួន និងបញ្ជូនមកការិយាល័យជំនាញដើម្បីកសាងសំរឿងចាត់ការតាមនីតិវិធី៕

ដោយ|ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top