update: នាយប៉ុស្តិ៍រដ្ឋបាល ពោធិ៍អង្គ្រង ចុះល្បាតជួបជនរងគ្រោះ សង្ស័យហៅឈប់ តែជនរងគ្រោះមិនឈប់ ជិះម៉ូតូបំបុករាលកៃកាំភ្លើង ផ្ទុះមួយគ្រាប់បណ្តាលឱ្យស្លាប់

កំពង់ស្ពឺ: នាយប៉ុស្តិ៍នគរបាលពោធិ៍អង្រ្គង រាលកៃកាំភ្លើងAK47 មួយគ្រាប់ចំជនរងគ្រោះម្នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣ ខែតុលាឆ្នាំ២០២៥។
ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើល នៅលើផ្លូវបេតុង ភូមិក្រញូង ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចស្រុកបសេដ្ឋបានឱ្យដឹងថាមានករណីផ្ទុះអាវុធបណ្តាលឲ្យស្លាប់ជនរងគ្រោះឈ្មោះផា រ៉ាយុ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិព្រៃស្រូល ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ស្លាកត្រូវទ្រូងខាងឆ្វេង១គ្រាប់ ។

មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលពោធិ៍អង្រ្គង ចំនួន៥នាក់ ដែលដឹកនាំដោយ ឈ្មោះ ទ្រី បូរិន ភេទប្រុសអាយុ៣៨ ឆ្នាំ ឋាន:ជានាយប៉ុស្តិ៍ បានចេញល្បាត តាមដងផ្លូវ ដើម្បីថែរក្សា សណ្តាប់ធ្នាប់សាធារណ: ខណ: មានមុខសញ្ញាសង្ស័យ២នាក់ ជិះម៉ូតូ មួយគ្រឿង បានហៅឲ្យឈប់ ដើម្បីពិនិត្យ តែមិន ព្រមឈប់ បានជិះម៉ូតូត្រឡប់ក្រោយ បំបុកប៉ះនឹងឈ្មោះទ្រី បូរិន(ជាមេប៉ុស្តិ៍) បណ្តាលឲ្យរាល់កៃអាវុធAK47 ផ្ទុះ១គ្រាប់ត្រូវចំទ្រូងឆ្វេងឈ្មោះ ផា រ៉ាយុ (ជាអ្នកឌុប) បណ្តាលឲ្យស្លាប់ ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយកើតហេតុ ឈ្មោះទ្រី បូរិន បានយកអាវុធ និងប្រគល់ខ្លួន ជូនលោកអធិការស្រុកបសេដ្ឋ ដើម្បីអនុវត្តតាមនីតិវិធី ។
ឈ្មោះទ្រី បូរិន បានសារភាពថា នៅពេលហេតុការណ៍កើតឡើង ដោយឃើញក្មេងជិះម៉ូតូត្រឡប់ក្រោយ ខ្លួនបានលើកអាវុធឡើងលើ ដើម្បីគំរាមឲ្យក្រុមក្មេងឈប់ តែបណ្តាលឲ្យរាល់កៃ ផ្ទុះ១គ្រាប់ ត្រូវជនរងគ្រោះតែម្តង ៕

ដោយ:សុខ សុភ័ណ្ឌ |កំពង់ស្ពឺ|រូបថតសមត្ថកិច្ច
