ប្រធានហិរញ្ញវត្ថុ G7 ព្រមព្រៀងគ្នាបង្កើន សម្ពាធលើរុស្ស៊ី ជុំវិញបញ្ហាអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានហិរញ្ញវត្ថុ នៃក្រុមប្រទេសទាំង៧ បានព្រមព្រៀងគ្នា ដើម្បីដាក់សម្ពាធកាន់តែខ្លាំង លើការនាំចេញប្រេងរបស់រុស្ស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាម របស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ រួមមួយបន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណិតថា “យើងបានព្រមព្រៀងគ្នាថា ឥឡូវនេះគឺជាពេលវេលា ដើម្បីបង្កើនសម្ពាធលើការ នាំចេញប្រេងរបស់រុស្ស៊ី ដែលជាប្រភពចំណូលដ៏ សំខាន់របស់ពួកគេ” ។
រដ្ឋមន្ត្រីបានឧ្យដឹងថា ក្រុមនៃលទ្ធិប្រជាធិបតេយ្យ ឈានមុខគេ រួមមានកាណាដា ជប៉ុន និងសហរដ្ឋអាមេរិក នឹងកំណត់គោលដៅ “អ្នកដែលកំពុងបន្តបង្កើន ការទិញប្រេងពីរុស្ស៊ី ចាប់តាំងពីការឈ្លានពានអ៊ុយក្រែន និងអ្នកដែលសម្រប សម្រួលការគេចវេស”។
ដើម្បីវាយប្រហារលើចំណុចស្នូលនៃសង្រ្គាមរបស់រុស្ស៊ី សហរដ្ឋអាមេរិក បាននិងកំពុងជំរុញឱ្យសមាជិក G7 ផ្សេងទៀតដាក់ពន្ធខ្ពស់លើប្រទេស ដែលនាំចូលប្រេងពីរុស្ស៊ី ជាពិសេសចិន និងឥណ្ឌា។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Katsunobu Kato បានឧ្យដឹងនៅក្នុងទីក្រុងតូក្យូថា ក្នុងកិច្ចប្រជុំនោះ លោកបានបង្ហាញពីចេតនារបស់ជប៉ុន ក្នុងការបន្តធ្វើផ្នែករបស់ខ្លួន និងពង្រីកការគាំទ្រដល់អ៊ុយក្រែន តាមតម្រូវការ។
លោក Kato បានប្រាប់អ្នកយកព័ត៌មាន ដោយមិនបានផ្តល់ព័ត៌មានលម្អិតថា៖ «វាមានន័យដែលយើងម្នាក់ៗបានទទួលស្គាល់ពីសារៈសំខាន់ នៃការដាក់សម្ពាធ លើប្រទេសរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម ដូច្នេះសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងអាចត្រូវបានសម្រេចនៅ ក្នុងប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
