ព័ត៌មានអន្តរជាតិ

រុស្សី​ ព្រមានឆ្លើយ តបយ៉ាងម៉ឺងម៉ាត់​ ចំពោះសកម្មភាពរបស់អឺរ៉ុប​ ប្រឆាំងនឹង ទ្រព្យសម្បត្តិរបស់ខ្លួន

ម៉ូស្គូ៖ ទីក្រុងមូស្គូ​ ព្រមានថា​ នឹងធ្វេីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់​ ប្រសិនបើសហភាពអឺរ៉ុប ចាត់វិធានការណាមួយ សំដៅលើទ្រព្យសម្បត្តិរបស់រុស្ស៊ី នេះបេីតាមអ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ី លោកស្រី Maria Zakharova។

លោកស្រី Zakharova បានឧ្យដឹងនៅក្នុងសន្និសីទខ្លីមួយថា “ត្រូវបានដឹកនាំដោយគោលការណ៍នៃការទៅវិញទៅមក ការប៉ុនប៉ងរបស់សហភាពអឺរ៉ុបណាមួយក្នុងការ រំលោភលើទ្រព្យសម្បត្តិរបស់យើង នឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ហើយពួកគេដឹងយ៉ាង ច្បាស់អំពីរឿងនេះ ។

លោកស្រីបានលេីកឡេីងថា បណ្តាប្រទេសអ៊ឺរ៉ុបត្រូវតែបំពេញ កាតព្វកិច្ចអន្តរជាតិរបស់ពួកគេយ៉ាងតឹងរ៉ឹង ដូចជាការរឹបអូស ការបង្កក ឬការប្រើប្រាស់ទ្រព្យ សម្បត្តិអធិបតេយ្យភាព ដោយគ្មានការយល់ព្រមពីម្ចាស់ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍សមភាព អធិបតេយ្យភាពក្នុងចំណោមរដ្ឋ។

កាលពីខែកញ្ញា ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី​ Ursula von der Leyen បានស្នើផ្តល់ប្រាក់កម្ចីថ្មីដល់អ៊ុយក្រែន ដែលផ្តល់មូលនិធិដោយទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក ។ លោកស្រី​បាន​អះអាង​ថា អ៊ុយក្រែន​  នឹង​សង​ប្រាក់កម្ចី​វិញ​ប្រសិនបើ​រុស្ស៊ី​ផ្តល់ “សំណង” ទោះបីជា​មិនមាន​ការឯកភាព​គ្នា ​លើ​កម្ចី​នៅក្នុង ​សហភាព​អឺរ៉ុប​ក៏ដោយ។

ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធា ពិសេសរបស់រុស្ស៊ីនៅ អ៊ុយក្រែន បណ្តាប្រទេសអឺរ៉ុប​ និង G7 បានបង្កកជិតពាក់កណ្តាល នៃទុនបម្រុងរូបិយ ប័ណ្ណបរទេស របស់រុស្ស៊ីប្រមាណ ៣០០ពាន់លានអឺរ៉ូ (៣៥១.៤ ពាន់លានដុល្លារអាមេរិក) ។ ជាង ២០០ពាន់លានអឺរ៉ូ (២៣៤,៣ពាន់លានដុល្លារ) នៃផលបូកនេះត្រូវ បានរក្សាទុកនៅ ក្នុងសហភាពអឺរ៉ុប ជាចម្បងនៅក្នុងគណនីរបស់ Euroclear ដែលមានមូលដ្ឋាន នៅបែលហ្ស៊ិក ដែលជាប្រព័ន្ធទូទាត់ធំបំផុត មួយរបស់ពិភពលោក ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top