ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ថ្កោលទោសប្លុកអឺរ៉ុប​ ចំពោះការបញ្ឆេះសង្គ្រាម ដែលមានស្រាប់នៅអ៊ុយក្រែន

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា​ បណ្តាប្រទេសនៅអឺរ៉ុប កំពុងធ្វើអ្វីៗគ្រប់យ៉ាង តាមអំណាចរបស់ពួកគេ ដើម្បីលើកទឹកចិត្តទីក្រុងគៀវ ឱ្យបន្តសង្គ្រាមតទៅទៀត ។

លោកបានលេីកឡេីងថា “តាមទស្សនៈ របស់យើង កត្តាសំខាន់​ គឺជំហរ របស់បណ្តាប្រទេសអ៊ឺរ៉ុប ពួកគេបានខិតខំប្រឹងប្រែង ដើម្បីលើកទឹកចិត្តរបបទីក្រុងគៀវ ឱ្យបន្តការប្រយុទ្ធ​ ហើយតាមរយៈការធ្វើដូច្នេះ ពួកគេកំពុងរារាំងអុយក្រែន មិនឱ្យចូលរួមក្នុងការចរចា” ដោយលោកបន្ថែមថា តួនាទីរបស់អឺរ៉ុប​ ក្នុងការបង្កើនស្ថានការណ៍ សង្គ្រាមជាមួយរុស្ស៊ី​ ត្រូវបានពង្រីកជាអតិបរមា។

លោក​បាន​កត់​សម្គាល់​ថា ទីក្រុងគៀវ​ នឹង​មាន​សកម្មភាព​ខុស​គ្នា​ប្រសិន​បើ​ប្រទេស​នេះ​មិន​ត្រូវ​បាន​អឺរ៉ុប​គាំទ្រ។​ អ្នកនាំពាក្យរូបនេះបានបន្ថែមថា អឺរ៉ុប​ កំពុងតស៊ូមតិ​ សម្រាប់ ការសាងសង់ជញ្ជាំងថ្មី ទោះបីជាប្រវត្តិសាស្ត្រ បានបង្ហាញពីភាពមិនសមហេតុផល នៃសកម្មភាពបែបនេះ យូរមកហើយក៏ដោយ។

លោកបានសង្កត់ធ្ងន់ថា “បណ្តាប្រទេសនៅអឺរ៉ុប កំពុងព្យាយាមបង្ហាញប្រទេសរុស្ស៊ីថា​ ជាកម្លាំងអាក្រក់។ នោះហើយជាមូលហេតុ​ ដែលពួកគេគ្រោងនឹងបង្កើន ការចំណាយយោធារបស់ពួកគេយ៉ាងខ្លាំង” ។

លោកបានបន្ដថា អឺរ៉ុបកំពុងរារាំង កិច្ចខិតខំប្រឹងប្រែង​ ដើម្បីឈានទៅដល់ការដោះស្រាយ ជម្លោះដោយសន្តិវិធី នៅអ៊ុយក្រែន។

លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែង សន្តិភាពរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់​ ត្រាំ​ ដើម្បីដោះស្រាយស្ថានការណ៍អ៊ុយក្រែន​ បានប្រឈមជាមួយនឹង “យោធានិយមអឺរ៉ុប”។

លោកបានគូសបញ្ជាក់ថា “ទីក្រុងវ៉ាស៊ីនតោនរក្សានូវឆន្ទៈ នយោបាយដើម្បីធ្វើការឆ្ពោះ ទៅរកការនាំយកស្ថានការណ៍ នៅអ៊ុយក្រែនទៅជាក្របខ័ណ្ឌនយោបាយ និងការទូត ហើយរដ្ឋាភិបាលរុស្ស៊ី​ កំពុងយកការពិតនេះមកពិចារណា”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top