ព័ត៌មានជាតិ

ប្រធានសាខា​ កាកបាទក្រហមខេត្តកំពង់ចាម អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជូនគ្រួសារយុទ្ធជនជួរមុខ

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តកំពង់ចាម និង លោក ហោ ប៉េង តំណាង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា រួមជាមួយក្រុមការងារ នៅព្រឹក ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៥ នេះ បានអញ្ជើញ ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជូន អ្នកស្រី អេន ស៊ីណា អាយុ ៣៨ឆ្នាំ ជាភរិយាកងទ័ពជួរមុខ រស់នៅភូមិរាយប៉ាយកណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស ។

បើតាម លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម បានបញ្ជាក់ថា អ្នកស្រី អេន ស៊ីណា ជាភរិយាយោធិនជួរមុខនៅមុំ៣ ទិសព្រះវិហារ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់នៅសមរភូមិព្រំដែន ។ រីឯអ្នកស្រី អេន ស៊ីណា មានកូនស្រីប្រុស ២នាក់ក្នុងបន្ទុក និងមានផ្ទៃពោះ ៤ខែ ។ ចំណែកផ្ទះដែលបានសាងសង់ជូននោះ ជាផ្ទះថ្មផ្ទាល់ដី ប្រក់សង្កសី ១ខ្នង ទំហំ៥ម×៨ម និងបង្គន់អនាម័យ ១បន្ទប់ ។

ចំពោះអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់សម្រាប់សង្កត់ផ្ទះថ្មី រួមមាន អង្ករ៥០គក្រ ព្រមទាំងគ្រឿងឧបភោគ បរិភោគ សម្ភារផ្ទះបាយ សម្ភារដំណេក ក្នុងមួយមុខ ២សម្រាប់ និងថវិកាមួយចំនួន។ ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សីក្នុងពិធីប្រគល់ ទទួលផ្ទះថ្មី ចំនួន១២នាក់ ដោយម្នាក់ៗ ទទួលបាន អង្ករ ២៥គក្រ គ្រឿងឧបភោគ បរិភោគ និង ថវិកាមួយចំនួន ផងដែរ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top