ព័ត៌មានជាតិ

បញ្ហាព្រំដែន ! លោក វង្សី វិស្សុត ៖ កម្ពុជាស្ងប់ស្ងៀម មិនមែនមានន័យថា «កម្ពុជាយើង មិនបានធ្វើអ្វីនោះទេ»

កំពង់ធំ ៖ ជម្លោះបញ្ហាពំ្រដែន កម្ពុជា-ថៃ ! លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា សង្គ្រាមមិនអាចបញ្ចប់សង្រ្គាមបាននោះទេ ហើយកម្ពុជាស្ងប់ស្ងៀម មិនមែនមានន័យថា «កម្ពុជាយើងមិនបានធ្វើអ្វីនោះទេ» ។

នាឱកាសអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលត្រលប់មកពីប្រទេសថៃ ក្នុងខេត្តកំពង់ធំ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងថា ក្នុងបរិការណ៍ដ៏ផុយស្រួយនៃបទឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ, រាជរដ្ឋាភិបាល បាននឹងកំពុងប្រឹងប្រែងអស់ពីលទ្ធភាព ព្យាយាមដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងសន្តិភាព ដោយប្រើគោលការណ៍ច្បាប់អន្តរជាតិ ព្រមទាំងទប់កម្តៅមិនតបតនឹងការអុចអាល និងកលល្បិចរបស់ថៃ។

លោក បានសង្កត់ធ្ងន់ថា «សង្គ្រាមមិនអាចបញ្ចប់សង្រ្គាមបាននោះទេ ហើយកម្ពុជាយើងស្ងប់ស្ងៀម មិនមែនមានន័យថា កម្ពុជាយើងមិនបាន ធ្វើអ្វីនោះទេ»។ ដូចនេះ សូមប្អូនជឿទុកចិត្តលើសមត្ថភាពដឹកនាំ និងសមត្ថភាពដោះស្រាយបញ្ហា របស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង គឺ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយមានការជ្រោមជ្រែងពេញទំហឹងពី សម្ដេចតេជោ ហ៊ុន សែន ដែលកំពុងខិតខំធ្វើការមិនថាយប់ មិនថាថ្ងៃ ដើម្បីស្វែងរកមកវិញនូវសន្តិភាពជូនបងប្អូន» ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្តនូវស្មារតីសាមគ្គីភាព ឯករាជ្យភាព និងឯកភាពជាតិខ្មែររួមគ្នា ជាធ្លុងមួយ ទាំងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជន ហើយត្រូវចេះចែករំលែក និងហ៊ានលះបង់ ដោយអ្នកមានលទ្ធភាពត្រូវចេះឈឺឆ្អាលជួយអ្នកលំបាកអ្នកខ្វះខាត ឱ្យមានបាយហូប ទទួលបានការព្យាបាល ហើយកូនៗគាត់ទទួលបានការអប់រំ ឱ្យមានការងារធ្វើ ឱ្យមានមុខរបរ ឱ្យមានប្រាក់ចំណូល និងកាត់បន្ថយអំពើមិនល្អ ព្រមទាំងពង្រឹងយុត្តិធម៌សង្គម ដើម្បីថែរក្សាសាមគ្គីភាព និងឯកភាពជាតិ ដែលជាកត្តាស្លាប់រស់ របស់ជាតិយើងទៅថ្ងៃមុខ ៕

To Top