ចាប់ខ្លួនបុរសជនជាតិ អាល្លឺម៉ង់៣នាក់ នៅនរវេស ជុំវិញបញ្ហាបង្ហោះដ្រូនក្បែរ កន្លែងហាមឃាត់

បរទេស ៖ យោងតាម ការចេញផ្សាយរបស់ RT បានរាយការណ៍ថា ជនជាតិអាល្លឺម៉ង់៣នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសនរវេស ពីបទចោទប្រកាន់ថា បានបាញ់បង្ហោះដ្រូននៅក្នុងតំបន់ហាមឃាត់ ជុំវិញព្រលានយន្តហោះ។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តី របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា បុរសទាំង៣នាក់ត្រូវបានឃុំខ្លួនកាលពីថ្ងៃអង្គារ ហើយត្រូវបានដោះលែងភ្លាមៗបន្ទាប់មក។ យ៉ាងណាក្តីគេមិនបានកំណត់អត្តសញ្ញាណបុរស ឬប្រភេទ UAV ដែលពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅជិតព្រលាន Rossvoll ទេ។
ដោយឡែក ប៉ូលីសនរវេសបានបញ្ជាក់ថា ជនជាតិចិនម្នាក់ ក៏ត្រូវបាននិរទេស និងពិន័យជាប្រាក់ចំនួន ១២០០ដុល្លារផងដែរ បន្ទាប់ពីមានការចោទប្រកាន់ថា បានហោះហើរយន្តហោះគ្មានមនុស្ស បើកនៅជិតអាកាសយានដ្ឋាន Svolvaer ភាគខាងជើងនៃប្រទេស។
អាជ្ញាធរបាននិយាយថា ពួកគេកំពុងបន្តស៊ើបអង្កេត របាយការណ៍ជាច្រើន នៃសកម្មភាពយន្តហោះគ្មានមនុស្សបើកនៅជិតអាកាសយានដ្ឋាន កន្លែងយោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ។
គួរឲ្យដឹងដែរថាឧប្បត្តិហេតុទាំងនេះ បានកើតឡើងនៅពេល ដែលអឺរ៉ុបខាងលិច ត្រូវបានញាំញីដោយការមើលឃើញ យន្តហោះគ្មានមនុស្សបើកម្តង ហើយម្តងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗ នេះដោយបង្ខំឱ្យមានការបិទ ជាបណ្តោះអាសន្ន នៅព្រលានយន្តហោះជាច្រើន។
នៅប្រទេសបែលហ្សិក អាជ្ញាធរបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកចំនួន ១៥ គ្រឿងត្រូវបានរកឃើញនៅពីលើមូលដ្ឋានយោធា Elsenborn ក្នុងខេត្ត Liege ។ អាកាសយានដ្ឋាន Munich ក្នុងប្រទេសអាល្លឺម៉ង់ត្រូវបានបិទជាបណ្ដោះអាសន្នកាលពីថ្ងៃសុក្រ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកដែលមិនស្គាល់អត្តសញ្ញាណត្រូវបានគេរាយការណ៍ថាស្ថិតនៅក្នុងដែនអាកាសរបស់ខ្លួន។ អាកាសយានដ្ឋាន Scandinavian ក៏បានរាយការណ៍អំពីការលុកលុយស្រដៀងគ្នានេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
