ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា ថ្កោលទោសការលុកលុយខុសច្បាប់ដោយយន្តហោះចម្បាំងអាមេរិក

ការ៉ាកាស៖​ ក្រសួងការពារជាតិ និងក្រសួងការបរទេសរបស់ប្រទេសវេណេស៊ុយអេឡា បានថ្កោលទោសចំពោះការលុកលុយខុសច្បាប់របស់យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស លោក​ Yvan Gil បានឧ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យន្តហោះនេះត្រូវបានគេរកឃើញនៅថ្ងៃទី២​ ខែតុលា ឆ្នាំ២០២៥​ ដែលមានចម្ងាយប្រហែល ៧៥គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់យើង។

លោកបានលេីកឡេីងថា សម្រាប់ប្រទេសវេណេស៊ុយអេឡា ទង្វើនេះ “បង្កើតជាការញុះញង់ដែលគំរាមកំហែងដល់អធិបតេយ្យភាពជាតិ” និងបំពានច្បាប់អន្តរជាតិ និងអនុសញ្ញា​ ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ។

លោកបន្ដថា​ សមយុទ្ធនេះ “ធ្វើឱ្យមានហានិភ័យ” ដល់សុវត្ថិភាពនៃអាកាសចរណ៍នៅសមុទ្រការីប៊ីន ដោយបន្ថែមថា ការលុកលុយផ្សេងទៀតត្រូវបានរកឃើញ។

មុននេះ រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា លោក Vladimir Padrino Lopez បានបរិហារការដាក់ពង្រាយយន្តហោះចម្បាំងអាមេរិក និង “ការយាយីយោធា ការគំរាមកំហែងយោធា របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រឆាំងនឹងប្រជាជនវេណេស៊ុយអេឡា ដែលចង់បានសន្តិភាព ការងារ និងសុភមង្គល”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top