ព័ត៌មានអន្តរជាតិ

OPEC+ នឹង​បង្កើនការផលិតប្រេង ១៣៧.០០០ បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែវិច្ឆិកាខាងមុខ

បរទេស៖ ប្រទេសមួយក្រុម ដែលជាផ្នែកមួយ នៃសម្ព័ន្ធភាព OPEC+ នៃប្រទេសនាំចេញប្រេង បានយល់ព្រមលើការជំរុញ តិចតួចនៃផលិតកម្មប្រេង ដោយលើកឡើងពី ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលមានស្ថិរភាព។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមនេះបាននិយាយបន្ទាប់ ពីកិច្ចប្រជុំតាមអនឡាញ កាលពីថ្ងៃអាទិត្យថា ខ្លួននឹងបង្កើនផលិតកម្មប្រេងចំនួន ១៣៧.០០០ បារ៉ែលក្នុងមួយថ្ងៃ ក្នុងខែវិច្ឆិកា ដែលជាចំនួនដូចគ្នា ដែលវាបានប្រកាស សម្រាប់ខែតុលា ។ ក្រុមនេះបាននិង កំពុងបង្កើនទិន្នផល បន្តិចបន្តួចនៅក្នុងការជំរុញ ជាបន្តបន្ទាប់ពេញមួយឆ្នាំ បន្ទាប់ពីបានប្រកាស ពីការកាត់បន្ថយនៅឆ្នាំ ២០២៣ និងឆ្នាំ ២០២៤។

នៅក្នុងសេចក្តីថ្លែងការណ៍ មួយ ក្រុមប្រទេសដែលជាផ្នែកមួយ នៃសម្ព័ន្ធភាព OPEC បាននិយាយថា ការផ្លាស់ប្តូរនេះគឺ ដោយសារតែ “ទស្សនវិស័យ សេដ្ឋកិច្ចសកល ដែលមានស្ថិរភាព និងមូលដ្ឋានគ្រឹះទីផ្សារ ដែលមានសុខភាពល្អ នាពេលបច្ចុប្បន្ន” ។ វា​បាន​បន្ថែម​ថា​ ការ​កែសម្រួល​ផលិតកម្ម​ អាច​ត្រូវ​បាន​ផ្អាក​ ឬ​ត្រឡប់​វិញ​ នៅ​ពេល​ដែល​លក្ខខណ្ឌ​ទីផ្សារ​មានការ​វិវត្ត។

ប្រទេសអារ៉ាប៊ីសាអូឌីត ទទួលឥទ្ធិពលយ៉ាងសំខាន់នៅក្នុង OPEC+ ក្នុងនាមជាសមាជិកលេចធ្លោនៃក្រុមអ្នកផលិត OPEC ហើយរុស្ស៊ីគឺជាសមាជិកមិនមែន OPEC ឈានមុខគេនៅក្នុងសម្ព័ន្ធភាព ២២ ប្រទេស។

រួម​ជាមួយ​អារ៉ាប៊ីសាអូឌីត និង​រុស្ស៊ី ក្រុម​ដែល​បាន​ជួប​គ្នា​ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ ក៏មាន​ប្រទេសអ៊ីរ៉ាក់ អេមីរ៉ាត​អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និង​ប្រទេសអូម៉ង់ ផងដែរ ។ កិច្ចប្រជុំបន្ទាប់របស់ពួកគេត្រូវ បានកំណត់សម្រាប់ថ្ងៃទី ២ ខែវិច្ឆិកា ។
ប្រែសម្រួលៈ ណៃ តុលា

To Top