ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ចំណេះដឹង AI នឹងក្លាយជាតម្លៃបន្ថែម សម្រាប់ជួយសមត្ថភាព គិត វិភាគ និងដោះស្រាយ

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ចំណេះដឹងបញ្ញា សិប្បនិមិត្ត (AI) នឹងក្លាយជាតម្លៃបន្ថែម សម្រាប់ជួយសមត្ថភាពគិត វិភាគ និង ដោះស្រាយបញ្ហាជាក់លាក់ ដោយសារបច្ចេកវិទ្យានេះបានវិវត្តចេញ ពីការយកលំនាំតាម សមត្ថភាពខួរក្បាលរបស់មនុស្ស។

ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៥ ក្រោមប្រធានបទ «គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញា សិប្បនិម្មិត» នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានឲ្យដឹងថា ក្នុងបរិបទ នៃការរីកចម្រើនផ្នែក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេស បញ្ញាសិប្បនិម្មិត និងបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ។

លោក ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «ចំណេះដឹង បញ្ញាសិប្បនិមិត្ត (AI) នឹងក្លាយជាតម្លៃបន្ថែម សម្រាប់ជួយសមត្ថភាព គិត វិភាគ និង ដោះស្រាយបញ្ហា ជាក់លាក់ ដោយសារបច្ចេកវិទ្យានេះ បានវិវត្តចេញពីការ យកលំនាំតាម សមត្ថភាពខួរក្បាលរបស់មនុស្ស ។ បច្ចុប្បន្ន បញ្ញាសិប្បនិម្មិត ត្រូវបានប្រើប្រាស់ក្នុងវិស័យ ជាច្រើន ដូចជា វិស័យអប់រំ សុខាភិបាល និងសេវាសាធារណៈ»។

លោក ឧបនាយករដ្ឋមន្ត្រី បន្ថែមថា កម្មវិធីថ្មីៗមួយចំនួននៃ បញ្ញាសិប្បនិម្មិត បានផ្តល់ផលប្រយោជន៍ ជាច្រើនសម្រាប់ការសិក្សារៀន សូត្រផងដែរ ដូចជា ChatGPT, Gemini, Deepseek, Copilot, Grok ។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និង កីឡាកំពុងធ្វើការងារយ៉ាងសកម្ម ដើម្បីជំរុញឱ្យគ្រូបង្រៀន និងសិស្សានុសិស្សមានចំណេះដឹង និងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត ប្រកបដោយការទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ថា បញ្ហាសិប្បនិម្មិត (AI) គឺជាឧបករណ៍ដើម្បីជួយគាំទ្រដល់អ្នកសិក្សា សម្រេចបាននូវ គោលដៅនៃការអប់រំគឺ៖ វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដើម្បីក្លាយទៅជា ពលរដ្ឋកម្ពុជាល្អ និងពលរដ្ឋសកលល្អ៕

To Top