ព័ត៌មានជាតិ

កម្ពុជា-ម៉ាឡេស៊ី បន្តប្រតិបតិ្តការ លើវិស័យកសិកម្ម ធានានូវសន្តិសុខស្បៀង ជំរុញទំហំកសិ-ពាណិជ្ជកម្ម

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យកសិកម្មជាមួយ លោក Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្រ្តីក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៃរដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី ខណៈភាគីទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្ម ធានានូវសន្តិសុខស្បៀង និងជំរុញទំហំកសិ-ពាណិជ្ជកម្ម។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍​ ចំពោះចំណាប់អារម្មណ៍របស់រដ្ឋសារ៉ាវ៉ាក់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មកម្ពុជា ជាពិសេសការដោះដូរបច្ចេកទេសដាំដុះនិងលទ្ធភាពបើកទីផ្សារនាំចូលស្រូវអង្ករ ផលិតផលសាច់ និងកសិផលមានសក្ដានុពលដទៃទៀតពីកម្ពុជា ដើម្បីធានាសន្តិសុខស្បៀងរដ្ឋសារ៉ាវ៉ាក់។

លោករដ្ឋមន្ត្រី ក៏បានរំលេចអំពីឱកាសវិនិយោគលើវិស័យកែច្នៃ វេចខ្ចប់ និងនាំចេញកសិផលរបស់កម្ពុជា ដែលផ្ដល់ផលចំណេញ និងផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃភាគីទាំងពីរ ។

កិច្ចប្រជុំបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា លោករដ្ឋមន្ត្រី និងលោកអនុរដ្ឋមន្ត្រី បន្តពង្រឹងកិច្ចសហប្រតិបតិ្តការ លើវិស័យកសិកម្ម ធានានូវសន្តិសុខស្បៀង ជំរុញទំហំកសិ-ពាណិជ្ជកម្ម ជាពិសេសលើស្រូវអង្ករ និងភាពជាដៃគូដ៏រឹងមាំយូរអង្វែង ក្នុងការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងផលិតកម្ម ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្គត់ផ្គង់កសិផលដល់រដ្ឋសារ៉ាវ៉ាក់ នៃប្រទេសម៉ាឡេស៊ី និងគាំទ្រវិនិយោគិនម៉ាឡេសុីក្នុង វិស័យកសិកម្មកម្ពុជាផងដែរ៕

To Top