រដ្ឋមន្រ្តីសុខាភិបាល ណែនាំថ្នាក់ដឹកនាំមន្ទីរពេទ្យ គ្រប់ឋានានុក្រម ត្រូវបន្តផ្តោតសំខាន់ខ្ពស់ លើសុវត្ថិភាពអ្នកជំងឺ

ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ កម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នាថ្ងៃទី៦ តុលា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ ដឹកនាំមន្ទីរ និងអង្គភាពទាំងអស់ ត្រូវបន្តពង្រឹងលើការងារ បណ្តុះបណ្តាល គ្រប់គ្រងឱសថ ដើម្បីសុវត្ថិភាពអ្នកជំងឺ។

សាស្រ្តាចារ្យ បានសង្កត់ធ្ងន់ធ្ងរ លើការងារសំខាន់ៗ ចំពោះមុខជាអាទិភាព ដោយត្រូវបន្តការយកចិត្តទុក លើការងារនៅតាមបណ្តោព្រំដែន ទឹកជំនន់និងជំងឺឆ្លងនានា ដែលត្រូវបង្កើនប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបាន គ្រប់ជ្រុងជ្រោយ និងត្រូវតាមដានគ្រប់សភាពការណ៍ ដើម្បីឆ្លើយតបបានរហ័សទាន់ពេលវេលា ។ សាស្រ្តាចារ្យបន្ថែមថា ក្នុងអំឡុងពេលនេះ នៅតាមតំបន់ដែលអាចនឹងប្រឈមការជន់លិច ត្រូវបង្កើនការណែនាំ និងអប់រំសុខភាពដល់ប្រជាជន ដើម្បីបង្ការការខ្លួនពីជំងឺផ្សេងៗ សត្វដែលមានពិស និងត្រូវគេងក្នុងមុង ដើម្បីចៀសវាង ពីជំងឺគ្រុនឈាមជាដើម។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បង្កើនការយកចិត្តទុកដាក់ឱ្យកាន់តែសសាក់សស្រាំ លើការអប់រំសុខភាព បាញ់ថ្នាំមូស ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងអំឡុងពេលរដូវវស្សានេះ ។

សាស្រ្តាចារ្យ ក៏បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលរាជធានីខេត្ត មន្ទីរពេទ្យគ្រប់កម្រិត ត្រូវរៀបចំត្រៀមលក្ខណៈគ្រប់ពេលវេលា ដោយសហការគ្នា ឱ្យបានជិតស្និត និងអាចទំនាក់ទំនង គ្នាគ្រប់ពេលវេលា ជាពិសេសនៅក្នុង ពិធីបុណ្យជាតិ នានាខាងមុននេះ ៕









