ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ ក្រើនរំលឹកថា បញ្ញាសិប្បនិម្មិត AI នៅតែជាឧបករណ៍ជំនួយប៉ុណ្ណោះ

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកថា បញ្ញាសិប្បនិម្មិត AI គឺនៅតែជាឧបករណ៍ជំនួយប៉ុណ្ណោះ ដោយមិនអាចពឹងផ្អែកទាំងស្រុង ទៅលើបច្ចេកវិទ្យានេះបានទេ អាចបណ្តាលឱ្យបាត់បង់ នូវឯករាជ្យភាព នៃការគិតរបស់ខ្លួន ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍ ស្តីពី ការប្រើប្រាស់បញ្ញាសិប្បនិម្មិត សម្រាប់ការអប់រំ នាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បញ្ញាសិប្បនិម្មិត នឹងនាំមកនូវការផ្លាស់ប្តូរថ្មី លើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ ដែលនឹងក្លាយជាឧបករណ៍ ជំនួយដ៏មានប្រសិទ្ធភាព ក្នុងការជួយសម្រួល និងបង្កើនប្រសិទ្ធភាព ដល់ការងាររបស់គ្រូបង្រៀន និងការរៀនសូត្ររបស់ សិស្សានុសិស្ស។

យ៉ាងណាមិញ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានក្រើន រំលឹកដែរថា «បញ្ញាសិប្បនិម្មិតនាពេលនេះ គឺនៅតែជាឧបករណ៍ ជំនួយប៉ុណ្ណោះ ដោយយើងមិនអាចពឹងផ្អែក ទាំងស្រុងទៅលើបច្ចេកវិទ្យានេះបានទេ ដែលអាចបណ្តាលឱ្យបាត់បង់ នូវឯករាជ្យភាពនៃការគិត របស់ខ្លួន ដូច្នេះយើងត្រូវតែចេះប្រើប្រាស់ចំណុចខ្លាំង និងទប់ស្កាត់ចំណុចខ្សោយ រវាងសមត្ថភាពរបស់ម៉ាស៊ីន និង មនុស្ស ប្រកបដោយតុល្យភាព ដើម្បីធានាឱ្យដំណើរការរៀន សូត្រកាន់តែមាន ប្រសិទ្ធភាពខ្ពស់ និងស្របតាមក្របសីលធម៌ នៃការប្រើប្រាស់បច្ចេកវិទ្យា»។

គួរបញ្ជាក់ដែរថា ពិធីសម្ពោធពិព័រណ៍ស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ» គឺជាកម្មវិធីអមនៃទិវាគ្រូបង្រៀន នៅវិទ្យាស្ថានជាតិអប់រំ លើប្រធានបទ «គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត»៕

To Top