លោក ឃួង ស្រេង ឱ្យអាជ្ញាធរ ជំរុញការអនុវត្ត ការងាររំដោះទឹកចេញពីមូលដ្ឋាន ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញឱ្យបានលឿន

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បានណែនាំឱ្យអាជ្ញាធរទាំង១៤ខណ្ឌត្រូវយកចិត្តទុកដាក់ ពិសេសជំរុញការអនុវត្ត ការងាររំដោះទឹកចេញ ពីមូលដ្ឋានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ឱ្យបានលឿននិងមានប្រសិទ្ធភាព ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេងលើកឡើងថា នៅក្នុងឆ្នាំនេះ គ្រោះធម្មជាតិបានយាយីពេញពិភពលោក ដូចជាគ្រោះរញ្ជួយដី ខ្យល់ព្យុះ និងគ្រោះទឹកជំនន់ជាដើម ក្នុងនោះសំរាប់រាជធានីភ្នំពេញ ក៏បានទទួលឥទ្ធិពលនេះផងដែរ នោះគឺគ្រោះជំនន់ទឹកភ្លៀង។

ក្នុងលោកអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរទាំង១៤ខណ្ឌត្រូវយកចិត្តទុកដាក់ ពិសេសជំរុញការអនុវត្ត ការងាររំដោះទឹកចេញ ពីមូលដ្ឋានប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ឱ្យបានលឿននិងមានប្រសិទ្ធភាពខ្ពស់។

បន្ថែមលើនេះ លោក ឃួង ស្រេង ក៏បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ បន្តធ្វើការងារចុះពិនិត្យប្រឡាយ លូ ក្នុងភូមិសាស្ត្រខ្លួន ហើយណែនាំប្រជាពលរដ្ឋ កុំឱ្យបោះសំរាមចូលលូ ប្រឡាយនាំឱ្យស្ទះ។ និងឱ្យលោកនិងលោកស្រីជាអភិបាលខណ្ឌ សហការជាមួយមន្ទីរជំនាញ នៅខែប្រាំងស្ដារ លូ ស្ដារប្រឡាយ ហើយខែវស្សានាំគ្នាចុះត្រួតពិនិត្យប្រឡាយ លូ មើលកន្លែងណាស្ទះ កាយបើកមុខទឹក ។

លោក ឃួង ស្រេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មិនមែនធ្វើការងារតែលើការងារសន្តិសុខ សុវត្ថិភាពប៉ុណ្ណោះទេ គឺយើងធ្វើការងារ គ្រប់ជំពូកទាំងអស់ ដើម្បីផលប្រយោជន៍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ចំពោះការប្រយុទ្ធប្រឆាំង ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ ដែលរាជរដ្ឋាភិបាលបាន នឹងកំពុងយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ ពោលគឺ បើពិនិត្យឃើញមានទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ត្រូវចុះបង្ក្រាបភ្លាម៕
ដោយ៖ ដារាត់| ដើមអម្ពិល



