ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើង​លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព (RWSHISDP)

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួង អភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាព ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើង លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព (RWSHISDP) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ ព្រមទាំង លោក លោកស្រី មន្ដ្រីបច្ចេកទេសផងដែរ។

តាមរយៈបាយការណ៍ របស់ លោក ទិត្យ សុផា នាយកកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព (RWSHISDP) បានបញ្ជាក់ថា RWSHISDP ទទួលបានហិរញ្ញប្បទានសប្បទានពីធនាគាអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់អនុវត្តរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៩ នៅក្នុងភូមិគោលដៅសរុបចំនួន៤០០ភូមិ ក្នុងឃុំចំនួន ៥០ឃុំ នៃស្រុកចំនួន ១៨ ខេត្តចំនួន ៩ខេត្ត ដែលមានប្រជាពលរដ្ឋជាអ្នកទទួលផលពីសេវាផ្គត់ផ្គង់ទឹកស្អាត ចំនួន ៧០ ០០០ខ្នងផ្ទះ ស្មើនឹង ២៩៤ ០០០នាក់ ក្នុងនោះមានស្រ្តី ១៥២ ៨៧០នាក់ និងអ្នកទទួលផលពីសេវាអនាម័យចំនួន ៥ ៨០០ខ្នងផ្ទះ ស្មើនឹង ២៤៣៦០នាក់ ក្នុងនោះមានស្រ្តី ១២ ២២៨នាក់ ។

បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក លោក ឆាយ ឫទ្ធិសែន បានសម្តែងនូវការថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគម្រោងឱ្យសម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដែលជាការតម្រង់ទិសដៅសម្រាប់ការអនុវត្តការងារ ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសទាំងអស់ឱ្យបន្ដយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមបទដ្ឋាននីតិប្រតិបត្ដិរបស់គម្រោង និងឱ្យសម្រេចតាមគោលបំណងដែលគម្រោងបានកំណត់ ដើម្បីធានាបាននូវសន្ដិសុខទឹក និងអនាម័យជូនដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ៕

To Top