ព័ត៌មានអន្តរជាតិ

បាក់រលំអគារកម្ពស់ ៦ជាន់ នៅទីក្រុង ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ស្លាប់ស្ថាបត្យករម្នាក់ និងកម្មករ៣នាក់ទៀត

បរទេស៖ អាជ្ញាធរក្នុងតំបន់បាននិយាយនៅថ្ងៃពុធថា សេវាសង្គ្រោះបន្ទាន់របស់ប្រទសេអេស្ប៉ាញបានទាញយកសាកសពមនុស្ស ៤ នាក់ពីក្រោមគំនរបាក់បែកនៃអគារកម្ពស់ ៦ជាន់ដែលបានដួលរលំនៅកណ្តាលទីក្រុងម៉ាឌ្រីដ ខណៈពេលដែលអគារកំពុងត្រូវបានកែលម្អឱ្យទៅជាសណ្ឋាគារ។

យោងតាមសារព័ត៌មាន The News York Post ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា អភិបាលក្រុងលោក Jose Luis Almeida បានសរសេរនៅលើ X ថា “វាជារឿងសោកសៅយ៉ាងខ្លាំងដែលយើងបញ្ជាក់ថា អ្នកពន្លត់អគ្គីភ័យនៅទីក្រុង Madrid បានរកឃើញសាកសពមនុស្សដែលបានបាត់ខ្លួនបន្ទាប់ពីការដួលរលំអគារ” ។

ជនរងគ្រោះត្រូវបានគេស្គាល់ថាជាបុរសបីនាក់ដែលមានអាយុចន្លោះពី 30 ទៅ 50 ឆ្នាំមកពីប្រទេស Ecuador, Mali និង Guinea-Conakry ហើយធ្វើការនៅកន្លែងនោះជាកម្មករសំណង់ និងជាស្ត្រីអាយុ 30 ឆ្នាំ ដែលជាស្ថាបត្យករនៃគម្រោងជួសជុលនេះ។

សាកសពពួកគេត្រូវបានគេរកឃើញនៅព្រឹកថ្ងៃពុធ ជិត 15 ម៉ោងបន្ទាប់ពីការបាក់រលំនៃរចនាសម្ព័ន្ធខាងក្នុងអគារ ក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដែលប៉ូលិស និងអ្នកពន្លត់អគ្គិភ័យបានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក និងសុនខហិតក្លិន ចំណែក កម្មករសំណង់បីនាក់ផ្សេងទៀតរងរបួស៕

ប្រែសម្រួលៈ ណៃ តុលា

To Top