លោក ដូណាល់ ត្រាំ លុបចោលកិច្ចខិតខំប្រឹងប្រែងការទូតជាមួយវេណេស៊ុយអេឡា

វ៉ាស៊ីនតោន៖ កាសែត The New York Times បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងការទូតជាមួយប្រទេសវេណេស៊ុយអេឡា ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរឈានដល់កម្រិងទាបបំផុត។
ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមេដឹកនាំយោធាជាន់ខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ បានណែនាំលោក Richard Grenell ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីដឹកនាំការចរចាជាមួយប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ និងមន្ត្រីកំពូលៗរបស់វេណេស៊ុយអេឡា ដើម្បីបញ្ឈប់រាល់ការផ្សព្វផ្សាយការទូត រួមទាំងកិច្ចពិភាក្សាជាមួយលោក ម៉ាឌូរ៉ូ ផងដែរ។
យោងតាមរបាយការណ៍ លោក ត្រាំ “មានការខកចិត្តកាន់តែខ្លាំងឡើងជាមួយនឹងការបដិសេធរបស់លោក ម៉ាឌូរ៉ូ ក្នុងការលះបង់អំណាចដោយស្ម័គ្រចិត្ត និងជាមួយនឹងការបដិសេធរបស់មន្ត្រីវេណេស៊ុយអេឡា បន្តការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងការជួញដូរគ្រឿងញៀន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
របាយការណ៍បានឲ្យដឹងថា ចំណាត់ការនេះត្រួសត្រាយផ្លូវសម្រាប់ការបង្កើនយោធាដ៏មានសក្ដានុពលប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀន ឬរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ។ លោក ម៉ាឌូរ៉ូ បានចោទប្រកាន់សហរដ្ឋអាមេរិកម្តងហើយម្តងទៀតថា បានប្រើប្រាស់ការគំរាមកំហែងក្រុមជួញដូរគ្រឿងញៀនជាលេសសម្រាប់ការផ្លាស់ប្តូររបប និងការកសាងយោធានៅអាមេរិកឡាទីន៕
ប្រែសម្រួល ឈូក បូរ៉ា
