ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Tesla វ៉ាដាច់ Mercedes-Benz ក្នុងទំហំនៃការលក់ នៅទូទាំងសកលលោក

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនTesla របស់លោក Elon Musk បានវ៉ាដាច់ក្រុមហ៊ុន Mercedes-Benz ក្នុងការលក់ជាសាកលក្នុងត្រីមាសទី៣ឆ្នាំ២០២៥ នេះបើយោងតាមរបាយការណ៍ លក់ប្រចាំត្រីមាសរបស់ក្រុមហ៊ុនទាំងពីរ។

លោកMusk បានទាក់ទាញការចាប់អារម្មណ៍ ទៅលើព្រឹត្តិការណ៍ដ៏សំខាន់នេះ តាមរយៈការចែករំលែកការបង្ហោះនៅលើ X កាលពីថ្ងៃអង្គារ ដោយគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់គាត់បានផ្តួលក្រុមហ៊ុន ផលិតរថយន្តប្រណីតអាល្លឺម៉ង់ជាលើកដំបូងដែលមិនធ្លាប់មាន។

Tesla បានលក់រថយន្តចំនួន៤៩៧០៩៩ គ្រឿងនៅទូទាំងពិភពលោកនៅចន្លោះខែកក្កដា និងខែកញ្ញា ដោយបំបែកកំណត់ត្រាមួយ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៤ ។

ក្រុមហ៊ុនMercedes ដែលជាម៉ាករថយន្តប្រណីតដ៏មានតម្លៃបំផុតមួយ របស់ពិភពលោកបានរាយការណ៍កាលពីថ្ងៃអង្គារថា ខ្លួនបានលក់រថយន្តចំនួន៤៤១៥០០ គ្រឿង ពោលគឺធ្លាក់ចុះ១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យ៉ាងណាក្តីការលក់នៅសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាទីផ្សារធំបំផុតរបស់ក្រុមហ៊ុន Mercedes បានធ្លាក់ចុះ ដល់ទៅ១៧ភាគរយនិង២៧ភាគរយ រៀងគ្នា។

ដោយឡែកតួលេខ Tesla តំណាងឱ្យការកើនឡើង ២៩ភាគរយពីចំនួន ៣៨៤១២២គ្រឿង ដែលបានលក់ក្នុងត្រីមាសទីពីរ និងកើនឡើង៧ភាគរយបើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វាក៏បានកត់សម្គាល់ផងដែរនូវ ត្រីមាសទីមួយក្នុងឆ្នាំនេះដែលក្រុមហ៊ុន Tesla បានប្រកាសពីកំណើនពីមួយឆ្នាំទៅមួយឆ្នាំ៕

ប្រែសម្រួល៖ ស៊ុន លី

To Top