លោក ដូណាល់ ត្រាំ អាចនឹងទៅមជ្ឈិមបូព៌ានៅចុងសប្តាហ៍នេះ សម្រាប់កិច្ចព្រមព្រៀងហ្គាហ្សា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកអាចនឹងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ានៅចុងសប្តាហ៍នេះ ខណៈដែលកិច្ចព្រមព្រៀងនៅតំបន់ហ្គាហ្សា «ជិតមកដល់ហើយ»។ លោកបានឲ្យដឹងនៅឯសេតវិមានថា “ការចរចាកំពុងដំណើរការយ៉ាងល្អ” ។ “ខ្ញុំប្រហែលជាទៅទីនោះទំនងជានៅចុងសប្តាហ៍នេះ”
ការចរចារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានឈានចូលដល់ថ្ងៃទីបីរបស់ពួកគេកាលពីថ្ងៃពុធនៅក្នុងរមណីយដ្ឋានសមុទ្រក្រហមអេហ្ស៊ីបSharm el-Sheikh ។ មន្ត្រីជាន់ខ្ពស់មកពីប្រទេសអេហ្ស៊ីប កាតា និងតួកគី បានចូលរួមកិច្ចចរចាដោយប្រយោល ដែលរួមមានបេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ាលោក Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ លោក Jared Kushner ផងដែរ។
ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah El-Sisi កាលពីថ្ងៃពុធបានអញ្ជើញលោក ត្រាំ ឱ្យចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ប្រសិនបើការចរចាបន្តទទួលបានជោគជ័យ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅលើបណ្តាញទំនាក់ទំនងសង្គមថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចុះហត្ថលេខាលើដំណាក់កាលទីមួយ នៃផែនការសន្តិភាពតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ដូណាល់ ត្រាំ បានសរសេរថា “នេះមានន័យថា ចំណាប់ខ្មាំងទាំងអស់នឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗនេះ ហើយអ៊ីស្រាអែលនឹងដកកងទ័ពរបស់ពួកគេទៅកាន់បន្ទាត់ ដែលបានព្រមព្រៀងគ្នាជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពដ៏រឹងមាំ យូរអង្វែង និងជានិរន្តរ៍”។ លោកបានអរគុណអ្នកសម្រុះសម្រួលមកពីប្រទេសកាតា អេហ្ស៊ីប និងតួកគី សម្រាប់ “ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងមិនធ្លាប់មានពីមុនមក”។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃដដែលនៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកអាចនឹងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា “ ហើយអាចនឹងទៅដល់ទីនោះនៅចុងសប្តាហ៍នេះ”។ អ៊ីស្រាអែល និងក្រុមហាម៉ាសបានចាប់ផ្តើមការចរចាដោយប្រយោលជុំវិញបទឈប់បាញ់នៅតំបន់ហ្គាហ្សានៅរមណីយដ្ឋានសមុទ្រក្រហមរបស់អេហ្ស៊ីប Sharm el-Sheikh កាលពីថ្ងៃចន្ទ។
ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាស្ទ្រីប បណ្តាលឱ្យមានគ្រោះទុរ្ភិក្ស និងការផ្លាស់ទីលំនៅរីករាលដាល ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៧,១៨៣ នាក់ និងរបួស ១៦៩,៨៤១ នាក់ផ្សេងទៀត នេះបើយោងតាមអាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា
