លោក ឃួង ស្រេង ណែនាំដល់សមាជិកបក្ស ត្រូវរឹងមាំ រួមគ្នាអភិវឌ្ឍន៍ប្រទេស ឈានឆ្ពោះទៅសំរេចបានមហិច្ចតា កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់សមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់អូរឬស្សីទី៣ និងអូរឬស្សីទី៤ ខណ្ឌ៧មករាថាត្រូវរឹងមាំ រួមគ្នាក្នុងការអភិវឌ្ឍប្រទេស ឈានឆ្ពោះទៅសំរេចបាននូវមហិច្ចតារបស់ខ្លួន កម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

ការលើកឡើងរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់អូរឬស្សីទី៣ និងអូរឬស្សីទី៤ ខណ្ឌ៧មករា ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៩ ខែតុលាឆ្នាំ២០២៥នេះ នៅសាលាប៊ែលធីគ្រុប។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកថា គណបក្សប្រជាជនកម្ពុជា ត្រូវការទាំងអស់ មិនមែនយកមួយ បោះចោលមួយនោះទេ។ ក្នុងករណី ពលរដ្ឋមានទំនាស់ ត្រូវដោះស្រាយដោយភាពត្រឹមត្រូវ ពលរដ្ឋទទួលបានប្រយោជន៍ដូចគ្នា។ គណបក្សប្រជាជនកម្ពុជា ត្រូវការធំបំផុតគឺការរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ ការពារជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនរុងរឿង។

បន្ថែមលើនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា បើគណបក្សគេផ្សេងចង់ចូលមករួមរស់ ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា យើងទទួលយក ដើម្បីយើងរួមគ្នាជាធ្លុងមួយ ធ្វើឱ្យខ្មែរយើងកាន់តែរឹងមាំ។ ក្រោយពីមានការប៉ះទង្គិចគ្នា ជាមួយប្រទេសថៃ ឃើញប្រជាជនកម្ពុជា រួមសាមគ្គីគ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ការពារជាតិ តាមរយៈការផ្តល់ថវិកា និងសម្ភារៈ គ្រឿងឧបភោគ បរិភោគ ជួយដល់សមូរភូមិមុខ។

ក្នុងនោះ លោក ឃួង ស្រេង ក៏បានរំលឹក នូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់បានថ្លែងថា បើស្រលាញ់ជាតិ កុំប្រើប្រាស់លុយបាត និងទំនិញរបស់ថៃ។
លោក ឃួង ស្រេង បានថ្លែងថា ដើម្បីទទួលបានជ័យជំនៈ សមាជិកបក្សទាំងអស់ ត្រូវតែសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ហើយការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត៕
ដោយ៖ ដារាត់| ដើមអម្ពិល
