ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ប្រគល់រថយន្តពន្លត់អគ្គីភ័យជូនស្នងការនគរបាល ២គ្រឿង និងជូនមន្ទីរសុខាភិបាល ២គ្រឿង

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី១០ ខែតុលាឆ្នាំ ២០២៥ នេះ បានប្រគល់រថយន្តពន្លត់អគ្គីភ័យ ជូនដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចំនួន ២ គ្រឿង និងរថយន្តសង្គ្រោះ ជូនមន្ទីរសុខាភិបាលខេត្តកំពង់ចាម ចំនួន ២គ្រឿង ដែលពិធីប្រគល់ទទួលនេះ ធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ។

បើតាម គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា រថយន្តចំនួន ២ គ្រឿងដែលជាអំណោយដ៏ថ្លៃថ្លារបស់រដ្ឋបាលខេត្តនាពេលនេះ គឺទុកប្រើប្រាស់សម្រាប់ដឹកជញ្ជូញអ្នកជំងឺ ដោយក្នុងនោះ ១គ្រឿង ទុកប្រចាំការនៅមណ្ឌលសុខភាព ឃុំហាន់ជ័យ និង ១គ្រឿងទៀត ទុកប្រចាំការនៅមណ្ឌលសុខភាពឃុំទ្រាន ក្នុងស្រុកកំពង់សៀម ។

ដោយឡែកសម្រាប់រថយន្ត ២គ្រឿងទៀត ដែលប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត គឺសម្រាប់ឲ្យការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះប្រើប្រាស់ ។

បើតាមលោក ឧត្តមសេនីយ៍ត្រី មិន សុគន់វិបុល ស្នងការរងទទួលផែនការិយាល័យពន្លត់អគ្គីភ័យ និងសង្គ្រោះ បានឲ្យដឹងផងដែរថា ខេត្តកំពង់ចាមមានរថយន្តពន្លត់អគ្គីភ័យសរុប ១៧គ្រឿង ក្នុងនោះប្រចាំការនៅស្នងការដ្ឋាននគរបាលខេត្ត ៤គ្រឿង (រថយន្តស្ទូច ១គ្រឿង) អធិការដ្ឋាននគរបាលស្រុកបាធាយ មាន២គ្រឿង ស្រុកស្រីសន្ធរ មាន២គ្រឿង ស្រុកព្រៃឈរ មាន២គ្រឿង ស្រុកកោះសូទិន ២គ្រឿង ស្រុកកំពង់សៀម ៣គ្រឿង និងនៅតាមបណ្តាក្រុង ស្រុកទាំង៥ទៀត មានរថយន្តពន្លត់អគ្គីភ័យ ១គ្រឿងៗដូចគ្នា និងថ្ងៃនេះបានទទួលអំណោយរថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿងបន្ថែមទៀត៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top