ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ ត្រូវបន្តលើកកម្ពស់ការយកចិត្តទុកដាក់ខ្ពស់បំផុតពីសុវត្ថិភាពម្តាយ-ទារក

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា បន្ថែមពីលើវិធានការបង្ការហានិភ័យមុនកំណើតដែលជាការចាំបាច់ ត្រូវបន្តលើកកម្ពស់ការយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុវត្ថិភាពម្តាយ-ទារក ក្នុងពេលសម្រាល ឲ្យកាន់តែខ្ជាប់ខ្ជួន និងកាន់តែចាំបាច់។

ក្នុងពិធីប្រកាសបើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៧ ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពសេវាថែទាំសុខភាពកុមារ ៖ ពីបង្ការ រហូតដល់ការព្យាបាល»នាថ្ងៃ៩ តុលា សាស្ត្រាចារ្យ ឈាង រ៉ាបានថ្លែងថា សន្និសីទមានគោលបំណងចែករំលែកចំណេះដឹង ផ្តោតលើការការពារ ការបង្ការជំងឺដែលអាចធ្វើបាន ដោយទប់ស្កាត់ការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ ដើម្បីគុណភាព សុវត្ថិភាពជីវិតរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ជាពិសេសគឺសុខភាពមាតា ទារកនិងកុមារ ដែលជាសកម្មភាពរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្សកម្ពុជា។

សាស្រ្តាចារ្យ បានសង្កត់ធ្ងន់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងទាំងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ក្តីករុណា គុណធម៌គ្រប់ពេលជានិច្ច គ្រប់ពេលវេលា ដើម្បីសេចក្តីពេញចិត្ត និងទំនុកចិត្តប្រជាពលរដ្ឋ គោរពនិងលើកគុណតម្លៃវិជ្ជាជីវៈសុខាភិបាលក្នុងសេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវ ពិសេសត្រូវប្រើប្រាស់ធនធានដែលមានស្រាប់ ច្នៃប្រឌិត និងរកដំណោះស្រាយ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ភាពរីកចម្រើនសម្រាប់ស្ថាប័ន និងប្រទេសជាតិ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្ថែមថា មន្រ្តីសុខាភិបាល ត្រូវខិតខំពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែម រួមទាំងការចែករំលែកដល់សហភាតរៈ ដើម្បីធានាបាននូវការបម្រើសេវាថែទាំព្យាបាល បង្ការ ប្រកបដោយគុណភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជូនដល់ប្រជាពលរដ្ឋ ដោយមិនមានការរើសអើង។ សាស្រ្តាចារ្យគូសបញ្ជាក់ថា សុខភាពទារក និងកុមារពិតជាសំខាន់ណាស់ សម្រាប់អនាគតរបស់ប្រទេសជាតិ ហើយក៏ត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខភាពមាតាផងដែរ៕

To Top