អាមេរិក នឹងបញ្ជូនទាហាន ២០០នាក់ទៅត្រួតពិនិត្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងបញ្ជូនទាហានប្រហែល ២០០ នាក់ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បី “ត្រួតពិនិត្យ” កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មានថា ក្រុមការងារនឹង “ត្រួតពិនិត្យ សង្កេត ធ្វើឱ្យប្រាកដថា មិនមានការរំលោភបំពាន” នៃកិច្ចព្រមព្រៀងនេះ។
យោងតាមមន្ត្រីអាមេរិកបានឱ្យដឹងថា សមាជិកនៃកងកម្លាំងប្រដាប់អាវុធអេហ្ស៊ីប កាតា និងតួកគី នឹងត្រូវបានបង្កប់នៅក្នុងក្រុមរបស់អាមេរិកផងដែរ។ មន្ត្រីអាមេរិកម្នាក់ទៀតបានឲ្យដឹងថា ក្រុមការងារនឹងមិនស្ថិតនៅក្នុងតំបន់ហ្គាហ្សានោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយផ្តល់នូវផ្លូវមួយឆ្ពោះទៅរកការបញ្ចប់ជម្លោះរយៈពេលពីរឆ្នាំ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦៧,០០០ នាក់ និងរបួសជិត ១៧០,០០០ នាក់ ដែលជាការផ្តល់ក្តីសង្ឃឹមដ៏ផុយស្រួយ បន្ទាប់ពីការបង្ហូរឈាមរយៈពេល ២ ឆ្នាំ។
កិច្ចព្រមព្រៀងស្តីពី “ដំណាក់កាលទី ១” នៃផែនការសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក កើតឡើងបន្ទាប់ពីការចរចារដ៏ខ្លាំងក្លានៅអេហ្ស៊ីបលោក Sharm el-Sheikh សម្របសម្រួលដោយអេហ្ស៊ីប កាតា តួកគី និងសហរដ្ឋអាមេរិក បង្ហាញពីការដកកងទ័ពអ៊ីស្រាអែលជាដំណាក់កាល ខណៈពេលដែលបង្កើតយន្តការ សម្រាប់ការផ្លាស់ប្តូរអ្នកទោស និងការផ្តល់ជំនួយមនុស្សធម៌។
ខណៈពេលដែលទាំងពលរដ្ឋហ្គាហ្សា និងអ៊ីស្រាអែល កំពុងជួបប្រទះនឹងពេលវេលានៃការដោះលែងចំណាប់ខ្មាំង ការបែកបាក់នយោបាយនៅក្នុងរដ្ឋាភិបាលចម្រុះរបស់អ៊ីស្រាអែល និងការទាមទាររបស់ក្រុមហាម៉ាស់ សម្រាប់ការធានាអន្តរជាតិ បានគម្រាមកំហែងដល់ដំណើរការអនុវត្តបទឈប់បាញ់។ ក្រៅពីនេះ ភារកិច្ចដ៏ធំសម្បើមក្នុងការកសាងតំបន់ហ្គាហ្សាឡើងវិញ និងកំណត់អនាគតនយោបាយរបស់ខ្លួនកាន់តែធំ ដោយសាកល្បងថាតើកិច្ចព្រមព្រៀងអាចវិវត្តន៍ពីបទឈប់បាញ់បណ្តោះអាសន្នទៅសន្តិភាពយូរអង្វែងដែរឬទេ។
ទាំងមន្ត្រីអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានបង្ហាញថា កិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានកំណត់សម្រាប់ការផ្តល់សច្ចាប័នពីរដ្ឋាភិបាលអ៊ីស្រាអែល។ ភាគីអ៊ីស្រាអែលបាននិយាយថា បទឈប់បាញ់នឹងចូលជាធរមានក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់ខ្លួនបោះឆ្នោតនៅរសៀលថ្ងៃព្រហស្បតិ៍លើកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំមួយ ចំណែកក្រុមហាម៉ាស់ បានឲ្យដឹងថាបទឈប់បាញ់នឹងចូលជាធរមានភ្លាមៗតាមការយល់ព្រមពីរដ្ឋាភិបាលអ៊ីស្រាអែល។
យោងតាមទូរទស្សន៍ Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែល ការតស៊ូនយោបាយនៅក្នុងសម្ព័ន្ធរបស់លោក ណេតាន់យ៉ាហ៊ូ រួមទាំងពីរដ្ឋមន្ត្រីស្តាំនិយមលោក Bezalel Smotrich និងលោក Itamar Ben-Gvir គំរាមកំហែងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការបោះឆ្នោត ប៉ុន្តែកិច្ចព្រមព្រៀងនឹងនៅតែទទួលបានការគាំទ្រភាគច្រើន។
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់លោក Osama Hamdan បានប្រាប់បណ្តាញទូរទស្សន៍ Alaraby របស់ប្រទេសកាតា ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ីស្រាអែល នឹងដកខ្លួនចេញពីទីក្រុងហ្គាហ្សា ភាគខាងជើងតំបន់ហ្គាហ្សា ក៏ដូចជាទីក្រុងរ៉ាហ្វា និងទីក្រុង ខានយូនីស ភាគខាងត្បូងរបស់តំបន់ហ្គាហ្សា ខណៈដែលច្រកព្រំដែនចំនួន៥ នឹងបើកឡើងវិញសម្រាប់ជំនួយមនុស្សធម៌៕
ប្រែសម្រួល ឈូក បូរ៉ា

