អ៊ីស្រាអែលត្រៀមខ្លួនទទួលស្វាគមន៍ចំណាប់ខ្មាំង ដែលក្រុមហាម៉ាសនឹងដោះលែងមុនកាលកំណត់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលត្រៀមខ្លួនជាស្រេចក្នុងការទទួលចំណាប់ខ្មាំងភ្លាមៗ ចំពេលមានសេចក្តីរាយការណ៍ថាក្រុមហាម៉ាសអាចនឹងដោះលែងពួកគេនៅថ្ងៃក្រោយក្រោមលក្ខខណ្ឌជាក់លាក់។
ការិយាល័យរបស់លោក Netanyahu បាននិយាយថា នាយករដ្ឋមន្ត្រីបាននិយាយជាមួយនឹងលោក Gal Hirsch ដែលជាអ្នកសម្របសម្រួលរបស់អ៊ីស្រាអែលសម្រាប់ដោះលែងចំណាប់ខ្មាំង និងអ្នកដែលបាត់ខ្លួនអំពីការរៀបចំសម្រាប់ការវិលត្រឡប់របស់ពួកគេ។
ក្នុងនោះមន្ត្រីអ៊ីស្រាអែលម្នាក់បានប្រាប់ទូរទស្សន៍សាធារណៈ Kan ថា កងទ័ពរំពឹងថាចំណាប់ខ្មាំងនឹងមកដល់មុនព្រឹកថ្ងៃចន្ទនេះ។
មន្ត្រីរូបនេះបាននិយាយថា៖IDF បានបញ្ចប់ការរៀបចំរបស់ខ្លួនសម្រាប់ការដោះលែងចំណាប់ខ្មាំង ហើយវាយតម្លៃថាពួកគេទាំងអស់នឹងត្រូវបានដោះលែងមុនពេលការមកដល់របស់ Trump ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានស្នើថា ក្រុមហាម៉ាស់បានប្រាប់អ្នកសម្រុះសម្រួលថា ខ្លួនត្រៀមដោះលែងចំណាប់ខ្មាំងទាំង២០នាក់នៅព្រឹកថ្ងៃអាទិត្យនេះ នៅមុនថ្ងៃកំណត់ថ្ងៃចន្ទក្រោមកិច្ចព្រមព្រៀងឈប់បាញ់ ប្រសិនបើអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីនយ៉ាងតិចពីរនាក់ក្នុងចំណោមអ្នកទោសជាន់ខ្ពស់៧នាក់ដែលត្រូវបានដកចេញពីបញ្ជីដោះលែង។យ៉ាងណាក្តីវាមិនទាន់ច្បាស់ទេថាតើអ៊ីស្រាអែលនឹងទទួលយកលក្ខខណ្ឌនេះឬយ៉ាងណា៕
ប្រែសម្រួល៖ ស៊ុនលី
