ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ បញ្ជាក់ថា យុទ្ធនាការយោធារបស់អ៊ីស្រាអែល “មិនទាន់ចប់នោះទេ” ទោះបីជាមានបទឈប់បាញ់នៅហ្គាហ្សា

xinhua

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា យុទ្ធនាការយោធារបស់ប្រទេសនេះ “មិនទាន់ចប់នោះទេ” នៅមុនថ្ងៃនៃការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ដែលនៅរស់ទាំងអស់ និងអ្នកឃុំឃាំងប៉ាឡេស្ទីនរាប់រយនាក់ នៅក្រោមដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ហ្គាហ្សា ដែលទើបនឹងអនុវត្តជាមួយក្រុមហាម៉ាស់។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក ណេតាន់យ៉ាហ៊ូ បានសាទរចំពោះផែនការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ចំនួន ២០ នាក់ដែលជា “ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ” ។ លោកបានថ្លែងថា «នៅទីណាដែលយើងប្រយុទ្ធយើងនឹងឈ្នះ។ លោកបានបន្ថែមដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមដោយលើកឡើងថា «ប៉ុន្តែយុទ្ធនាការមិនទាន់ចប់នៅឡើយទេ»។

លោកបានបន្ដថា អ៊ីស្រាអែលនៅតែប្រឈមមុខនឹង “បញ្ហាសន្តិសុខធំណាស់” នៅពេលខាងមុខ។ លោកបានព្រមានថា «សត្រូវរបស់យើងមួយចំនួន កំពុងព្យាយាមរៀបចំក្រុមឡើងវិញ» ដោយប្តេជ្ញាធានាសន្តិសុខរបស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅព្រឹកថ្ងៃដដែល ប្រមុខយោធាអ៊ីស្រាអែល លោក Eyal Zamir បានលើកឡើងថា ប្រទេសនេះបានសម្រេច “ជ័យជំនះលើក្រុមហាម៉ាស់” ។ នៅក្នុងសេចក្តីថ្លែងការផ្សាយមួយ លោក Zamir បានលើកឡើងថា ជ័យជំនះបានមកតាមរយៈការរួមបញ្ចូលគ្នានៃសម្ពាធយោធាដែលមាននិរន្តរភាព និងការខិតខំប្រឹងប្រែងការទូត។

លោក Zamir បានបន្ថែមថា អ៊ីស្រាអែល នៅតែស្ថិតនៅក្នុងសង្គ្រាមពហុមុខ។ លោកបានបន្ថែមថា យោធាអ៊ីស្រាអែល “នឹងបន្តធ្វើសកម្មភាព ដើម្បីរៀបចំការពិតនៃសន្តិសុខ ដែលធានាថា តំបន់ហ្គាហ្សាស្ទ្រីប លែងបង្កការគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែល និងជនស៊ីវិលរបស់ខ្លួន។ តាមរយៈប្រតិបត្តិការរបស់យើង យើងកំពុងរៀបចំឡើងវិញនូវមជ្ឈិមបូព៌ា និងយុទ្ធសាស្ត្រសន្តិសុខរបស់យើងសម្រាប់ឆ្នាំខាងមុខ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top