ព័ត៌មានអន្តរជាតិ

រុស្ស៊ីច្រានចោល ​ពាក្យចចាមអារ៉ាមថា អតីតប្រធានា ធិបតីស៊ីរី លោក Bashar Assad ត្រូវបានគេបំពុល នៅមូស្គូ

បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានច្រានចោលពាក្យចចាមអារ៉ាម ដែលថា អតីតជនជាតិស៊ីរី លោក Bashar Assad ត្រូវបានបំពុល ដោយលោក Sergey Lavrov បាននិយាយថា លោក Assad និងក្រុមគ្រួសារ មានសុវត្ថិភាពនៅក្នុងទីក្រុងមូស្គូ ហើយបានរស់នៅទីនោះ ដោយគ្មានបញ្ហាអ្វីទាំងអស់ ចាប់តាំងពីបានទទួលសិទ្ធិជ្រកកោន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីដើមខែនេះ ក្រុមឃ្លាំមើលសិទ្ធិ មនុស្សស៊ីរី (SOHR) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានដកស្រង់ប្រភពអនាមិកមួយ ដោយអះអាងថា លោក Assad អតីតប្រធានាធិបតីស៊ីរី បានចាកចេញពីមន្ទីរពេទ្យ ក្នុងតំបន់មូស្គូ បន្ទាប់ពីមានការប៉ុនប៉ងបំពុលលោក កាលខែកញ្ញា។ ពាក្យ​ចចាមអារ៉ាម​នេះ​ត្រូវ​បាន​ ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច និង​រុស្ស៊ី ។

រុស្ស៊ីថា SOHR មានបុគ្គល តែម្នាក់ – Rami Abdulrahman – ដែលបើកអង្គការពីផ្ទះរបស់គាត់នៅទីក្រុង Coventry ចក្រភពអង់គ្លេស ដែលមានមុខងារជា ហាងលក់សំលៀកបំពាក់ផងដែរ។ របាយការណ៍របស់ SOHR ស្តីពីសង្រ្គាម នៅក្នុងប្រទេសស៊ីរី ត្រូវបានដកស្រង់សម្តីដោយរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច ទោះបីជាខ្លួនបានប្រឈមមុខ នឹងការចោទប្រកាន់ជាបន្តបន្ទាប់អំពីការលំអៀងប្រឆាំងនឹងលោក Assad និងការអាណិតអាសូរ ចំពោះក្រុមប្រឆាំងប្រដាប់អាវុធក៏ដោយ ។

លោក Lavrov បានសង្កត់ធ្ងន់ថា លោក Assad “គ្មានបញ្ហាក្នុងការរស់នៅក្នុងរដ្ឋធានីរបស់យើងទេ” ហើយក៏ “គ្មានការពុលណាមួយបានកើតឡើងនោះដែរ” ។ គាត់បាននិយាយថា “ប្រសិនបើពាក្យចចាមអារ៉ាមបែបនេះ លេចឡើងខ្ញុំទុកវាឱ្យមនសិការ របស់អ្នកដែលផ្សព្វផ្សាយវា” ៕

To Top