រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ កម្ពុជា-ម៉ាឡេស៊ី ជួបគ្នា ពិភាក្សាលើការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និត

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Dato’ Seri Dr. Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់នៃប្រទេសម៉ាឡេស៊ី។


ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូដែលចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម ក្នុងជំនួបដ៏មានសារៈសំខាន់នាពេលនេះ។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ ភាគីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូវេន ដែលបានធ្វើការអន្តរាគមន៍សម្របសម្រួល ឱ្យមានបទឈប់បាញ់ រវាងប្រទេសកម្ពុជា និងថៃ នាពេលកន្លងមក។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការអភិវឌ្ឍន៍របស់កម្ពុជាក្នុងសន្ទុះដ៏លឿន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែ។

ជាងនេះទៅទៀត លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូ អំពីតួនាទី ភារៈកិច្ច និងសកម្មភាពរបស់ក្រសួង ក្នុងការអន្តរាគមន៍អភិវឌ្ឍន៍នៅតំបន់ជនបទឱ្យមានភាពរីកចម្រើន ដូចជាការរៀបចំភូមិគំរូគន្លិះ ដើម្បីធ្វើឱ្យតំបន់ជនបទមានការអភិវឌ្ឍន៍ឆាប់រហ័ស និងកាត់បន្ថយគំលាតរវាងជនបទ និងទីក្រុង។

លោករដ្ឋមន្ត្រី ក៏បានស្នើសូមឱ្យមានការផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍រវាងគ្នា និងគ្នាផងដែរ។

លោក Dato’ Seri Dr. Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី បានថ្លែងអគុណចំពោះលោករដ្ឋមន្ត្រី និងកោតសសើ និងវាយខ្ពស់ចំពោះការរីកចំរើនលើគ្រប់វិស័យរបស់កម្ពុជា។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការគាំទ្រចំពោះការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ លើវិស័យអភិរវឌ្ឍន៍ជនបទ នៃប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
គួរជម្រាបជូនផងដែថា ជំនួបដែលប្រព្រឹត្តទៅ នាពេលនេះ ក្នុងគោលបំណងរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និត រវាងក្រសួងអភិវឌ្ឍន៍ជនបទនិងតំបន់ នៃប្រទេសម៉ាឡេស៊ី ជាមួយក្រសួងអភិឌ្ឍន៍ជនបទ ប្រទេសកម្ពុជា៕
