ចៅក្រមអាមេរិក រារាំងរដ្ឋបាលលោក ត្រាំ ពីការបណ្តេញបុគ្គលិកសហព័ន្ធពីការងារ ក្នុងអំឡុងពេលបិទរដ្ឋាភិបាល

សាន់ហ្វ្រាន់ស៊ីស្កូ៖ ចៅក្រមសហព័ន្ធរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានរារាំងរដ្ឋបាលលោក ដូណាល់ ត្រាំ បណ្តោះអាសន្នពីការបណ្តេញបុគ្គលិកសហព័ន្ធពីការងារ ចំពេលមានការបិទរដ្ឋាភិបាលដែលកំពុងបន្ត។ លោកស្រី Susan Yvonne Illston ចៅក្រមនៃតុលាការស្រុកអាមេរិកខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ាបានឲ្យដឹងថា “សកម្មភាពដែលកំពុងត្រូវបានអនុវត្តនៅទីនេះគឺផ្ទុយនឹងច្បាប់” ។
ដីកាសម្រេចបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋបាលបានផ្ញើការជូនដំណឹងពីការកាត់បន្ថយកម្លាំងដល់កម្មករសហព័ន្ធជាង ៤.០០០ នាក់។ សហជីពធំៗចំនួនពីរតំណាងឱ្យបុគ្គលិករដ្ឋាភិបាលដាក់ញត្តិប្រឆាំងនឹងការបញ្ឈប់បុគ្គលិក។ លោកស្រី Illston បានឲ្យដឹងថា រដ្ឋបាលអាមេរិកបាន “ទាញយកអត្ថប្រយោជន៍ពីភាពយឺតយ៉ាវក្នុងការចំណាយរបស់រដ្ឋាភិបាល និងការបំពេញមុខងាររបស់រដ្ឋាភិបាល” ដោយបង្ហាញទំនុកចិត្តថាសហជីពអាចបង្ហាញថា សកម្មភាពរបស់រដ្ឋាភិបាលមិនស្របច្បាប់។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានព្រមានថា ខ្លួនមានបំណងកាត់បន្ថយការងារក្នុងអំឡុងពេលបិទ ហើយប្រធានាធិបតីអាមេរិករូបនេះ បានអះអាងម្តងហើយម្តងទៀតថា ការកាត់បន្ថយនេះផ្តោតលើ “ភ្នាក់ងារប្រជាធិបតេយ្យ” ឬកម្មវិធីផ្សេងទៀត។ មុននេះ ប្រធានផ្នែកថវិការបស់សេតវិមាន លោក Russell Vought បានឲ្យដឹងថា លោករំពឹងថា បុគ្គលិកសហព័ន្ធ នឹងត្រូវបានកាត់បន្ថយដោយសារតែការបិទទ្វាររដ្ឋាភិបាល៕
ប្រែសម្រួល ឈូក បូរ៉ា
