ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចកាច់ ក ម៉ូតូម្នាក់ ទៅតុលាការ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(លួចកាច់ ក ម៉ូតូ) ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

ឈ្មោះ ហេង ឌី ហៅទុយ ភេទប្រុស អាយុ ៣១ឆ្នាំ គឺជាមុខសញ្ញាសង្ស័យពាក់ព័ន្ធ ករណីលួចយ៉ាងសកម្ម ដែលកម្លាំងអាវុធហត្ថតាមប្រម៉ាញ់ ។

នៅយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលេម៉ោង២២:៣៥នាទី ខណៈដែលជនសង្ស័យរូបនេះបន្តចេញធ្វើសកម្មភាព នៅចំណុច មុខផ្ទះណេតលេខ៩២ ផ្លូវ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ធ្វើការស្ទាក់ ឆែកឆេរ រកឃើញដែកអក្សរT ចំនួន04 ដែលរូបគបានធ្វើទុកសម្រាប់លួចកាច់ ក ម៉ូតូរបស់ប្រជាពលរដ្ឋ និងឈានដល់ការដកហូតបានម៉ូតូ ១គ្រឿង ម៉ាក MSX ពណ៍ខ្មៅ ដែលរូបគេលួចកាច់ ក បាន រួចយកទៅលាក់ទុក នៅកន្លែងផ្ញើម៉ូតូ។

ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានសារភាពឲ្យ ថា ឧបករណ៍ ដែកអក្សរ T ដែលសមត្ថកិច្ចអាវុធហត្ថដកហូតបាន គឺរូបគេ ធ្វើទុកសម្រាប់ លួចកាច់ ក យកម៉ូតូរបស់ប្រជាពលរដ្ឋ ។ ក្នុងអំឡុងឆ្នាំ២០១៩នេះ រូបគេ រួមជាមួយបក្សពួក ៤នាក់ទៀត មាន ឈ្មោះ វី ,គុណ ,វ៉ា និងឈ្មោះ ហួរ ធ្លាប់បានធ្វើ សកម្មភាពលួចកាច់ ក ម៉ូតូប្រជាពលរដ្ឋ បានចំនួន ៧គ្រឿង មាន៖ ម៉ាក Click ពណ៍សលាយទឹកមាស ,ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ,ម៉ាក វីវ៉ា ពណ៍ខ្មៅ ,ម៉ាក ស្មាស ពណ៍ខ្មៅ ,ម៉ាក ហុងដាគុប ពណ៍ទឹកប្រាក់ ,ម៉ាកសង់កូរ៉េ ពណ៍ក្រហម និងម៉ាក MSX ។ រាល់លើក ឲ្យតែមុនធ្វើសកម្មភាពលួច គឺពួកគេតែងតែប្រើប្រាស់គ្រឿងញៀន ជាមុនសិន។

To Top