លោក ដូណាល់ ត្រាំ អនុញ្ញាតឱ្យបន្តគម្រោងការបន្ធូរបន្ថយពន្ធ សម្រាប់គ្រឿងបន្លាស់រថយន្តដែលត្រូវប្រើប្រាស់ក្នុងរថយន្តផលិតនៅអាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ របានអនុញ្ញាតឱ្យបន្តគម្រោងការបន្ធូរបន្ថយពន្ធ សម្រាប់គ្រឿងបន្លាស់រថយន្តដែលត្រូវប្រើប្រាស់ក្នុងរថយន្តផលិតនៅអាមេរិក និងការដំឡើងពន្ធ ២៥ភាគរយលើរថយន្តដឹកទំនិញធុនធ្ងន់ និងមធ្យម និងគ្រឿងបន្លាស់របស់ពួកគេ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ដោយមានករណីលើកលែងមួយចំនួន។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានឧ្យដឹងថា ប្រទេសជប៉ុន និងសហភាពអឺរ៉ុប ដែលបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ នឹងត្រូវបានលើកលែងពីពន្ធបន្ថែម។
ការប្រកាសដែលចុះហត្ថលេខាដោយលោក ត្រាំ ក៏បានដាក់ពន្ធ ១០ភាគរយលើរថយន្តក្រុងដែលនាំចូលផងដែរ។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានដាក់ពន្ធ ២៥ភាគរយលើរថយន្តដឹកទំនិញធុនធ្ងន់ និងមធ្យម និង ២ភាគរយលើរថយន្តក្រុង។
នៅក្នុងខែឧសភា រដ្ឋបាលលោក ត្រាំ បានដាក់ពន្ធថ្មី ២៥ភាគរយលើគ្រឿងបន្លាស់រថយន្ត ប៉ុន្តែបានចាត់វិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិធានការការពារបន្ទាប់ពីការផ្ទុះឡើងពីឧស្សាហកម្មរថយន្ត។
ក្រុមហ៊ុនផលិតរថយន្តបានអះអាងថា ដោយសារតែភាពស្មុគស្មាញនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ វានឹងត្រូវការពេលវេលា ដើម្បីទិញគ្រឿងបន្លាស់ទាំងអស់ ដែលចាំបាច់ក្នុងស្រុកដើម្បីផលិតរថយន្តនៅសហរដ្ឋអាមេរិក។
រដ្ឋបាលបានណែនាំកម្មវិធីបន្ធូរបន្ថយពន្ធដែលអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តដាក់ពាក្យស្នើសុំសំណងរហូតដល់ ៣.៧៥ភាគរយនៃតម្លៃរថយន្តដែលផលិតដោយសហរដ្ឋអាមេរិកនីមួយៗក្នុងឆ្នាំដំបូង និង ២.៥ភាគរយនៅឆ្នាំទីពីរ៕
ប្រែសម្រួល ឈូក បូរ៉ា
