ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងហាវ៉ាណា ដើម្បីគាំទ្រវេណេស៊ុយអេឡា ប្រឆាំងនឹងការជ្រៀតជ្រែករបស់អាមេរិក

afp

ហាវ៉ាណា៖​ ប្រជាជនគុយបារាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសុក្រនៅទីក្រុងហាវ៉ាណា​ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយវេណេស៊ុយអេឡា ហើយបដិសេធនូវអ្វីដែលពួកគេហៅថាការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក​ ដែលកំពុងកើនឡើងនៅក្នុងប្រទេសអាមេរិកខាងត្បូង។

ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានដឹកនាំការជួបជុំនេះ ដែលប្រារព្ធឡើងនៅតាមបណ្តោយផ្លូវធំមួយក្នុងសង្កាត់ Vedado។

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំតំណាងនៃគណបក្សឆ្វេងនិយម គណៈប្រតិភូមកពីប្រទេសមួយចំនួនចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី៣​ នៃការបោះពុម្ពទ្រឹស្តីនៃគណបក្ស និងចលនាឆ្វេង ព្រមទាំងអ្នកស្រុកក្នុងតំបន់ផងដែរ។

លោក Roberto Morales លេខាធិការអង្គការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា​ បានថ្កោលទោសនូវអ្វីដែលលោកហៅថា “ផែនការអន្តរាគមនិយម” របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា និងបានគូសបញ្ជាក់ពីការប្រមូលហត្ថលេខាគុយបាជាង ៤.៣លានហត្ថលេខាក្នុងសាមគ្គីភាពជាមួយប្រជាជនវេណេស៊ុយអេឡា។

លោក Morales បានលេីកឡេីងថា “យើងការពារវេណេស៊ុយអេឡាពីទីនេះ និងតាមរយៈរាល់បេសកកម្មសង្គម ដែលប្រទេសរបស់យើងរក្សានៅក្នុងប្រទេស​ យើងការពារការសន្ទនាប្រកបដោយការគោរព និងឯកភាពជាជាងការដកខ្លួនចេញ”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top