ព័ត៌មានអន្តរជាតិ

លោក Donald Trump បន្តប្តឹងដោយទារសំណង ១៥ ពាន់លានដុល្លារ ប្រឆាំងនឹងកាសែត New York Times

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបន្តបណ្តឹងបរិហារកេរ្តិ៍ទារសំណង ១៥ ពាន់លានដុល្លារប្រឆាំងនឹងកាសែត New York Times , អ្នកយកព័ត៌មានរបស់ខ្លួន និងអ្នកបោះពុម្ពផ្សាយ Penguin Random House ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ដំបូងឡើយ លោក Trump បានដាក់ពាក្យបណ្តឹងដែលមានកម្រាស់ ៨៥ ទំព័រប្រឆាំងនឹងកាសែតនេះកាលពីខែមុន ដោយចោទប្រកាន់ថា New York Times និយាយកុហកអំពីលោកអស់ជាច្រើនទស្សវត្សមកហើយ និងបម្រើការជាអ្នកនិយាយសម្រាប់ “គណបក្សប្រជាធិបតេយ្យឆ្វេងនិយមជ្រុល”។ លោកបានអះអាងថា សារព័ត៌មាន New York Times គឺជា “កាសែតដ៏អាក្រក់បំផុត និងខូចបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង” ហើយលោកបានពិពណ៌នាអំពីការយល់ព្រមចំពោះគូប្រជែងប្រជាធិបតេយ្យរបស់គាត់នៅឆ្នាំ ២០២៤ គឺ លោកស្រី Kamala Harris ថាជា “ការរួមចំណែកក្នុងយុទ្ធនាការខុសច្បាប់ដ៏ធំបំផុតតែមួយគត់ដែលមិនធ្លាប់មាន”។

ទោះជាយ៉ាងណាក៏ដោយ ឯកសារបណ្តឹងដើមត្រូវបានច្រានចោលថា “សម្រេចចិត្តមិនត្រឹមត្រូវ និងមិនអាចអនុញ្ញាតបាន”។ ចៅក្រម Steven D. Merryday បានអះអាងថា អានដូចជាការវាយប្រហារផ្នែកនយោបាយ ជាងអំណះអំណាងផ្លូវច្បាប់ ហើយបានបញ្ជាឱ្យ Trump និងក្រុមរបស់គាត់ដាក់ពាក្យបណ្តឹងឡើងវិញ ហើយត្រូវប្រាកដថា បណ្តឹងមិនលើសពី ៤០ ទំព័រ។

ពាក្យបណ្តឹងថ្មីដែលបានដាក់កាលពីថ្ងៃព្រហស្បតិ៍គឺពិតជាមានកម្រាស់ ៤០ ទំព័រ ហើយឥឡូវនេះខ្វះវគ្គដើមស្តីពីជ័យជម្នះការបោះឆ្នោតឆ្នាំ ២០២៤ របស់លោក Trump និង “ការឃុបឃិតរបស់រុស្ស៊ី”។ ឈ្មោះ​អ្នក​យក​ព័ត៌មាន​ដែល​ចុះ​ក្នុង​បញ្ជី​ដើម​ឈ្មោះ Michael S. Schmidt ក៏​ត្រូវ​បាន​ទម្លាក់​ចោលផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top