កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ព្រឹទ្ធាចារ្យ ប្រៀបបានទៅនឹងបណ្ណាល័យរស់ ជាឃ្លាំងចំណេះដឹង សម្រាប់មនុស្សជំនាន់ក្រោយ ។
លោកអភិបាលខេត្ត បានលើកឡើង ខណ:ដែលលោកអញ្ជើញ ជាអធិបតីក្នុងពិធី សម្ពោធដាក់អោយប្រើប្រាស់ អគារសិក្សាមួយខ្នង២ជាន់១២ បន្ទប់ ជាជំនួយរបស់អង្គការដៃគូអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅវិទ្យាល័យ ស្រេង គីម ស្ថិតក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
លោកអភិបាលខេត្តបានបន្តថា ” ការ សិក្សារៀនសូត្រ ទីណា កន្លែងណា ក៏អាចរៀនបានដែរ ជាពិសេស គឺការសិក្សារៀន សូត្រពីចាស់ព្រឹទ្ធាចារ្យ ដែលពួកគាត់ សំបូរទៅដោយបទពិសោធន៍ជាច្រើន ពោល ព្រឹទ្ធាចារ្យ ប្រៀបដូចជាបណ្ណាល័យរស់ ក្នុងការផ្ដល់ចំណេះដឹង ឲ្យដល់មនុស្សជំនាន់ក្រោយ ” ។
លោកអភិបាលខេត្ត បានថ្លែងដាស់តឿនដល់ប្អូនប្អូន ក្មួយៗ ជាសិស្សានុសិស្ស ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ កុំចំណាយ ពេលអត់ប្រយោជន៍ ទៅធ្វើរឿងដែលមិនចំណេញ ។ ត្រូវខិតខំត្រងត្រាប់ស្ដាប់ឪ ពុកម្ដាយ និងស្ដាប់លោកគ្រូ អ្នកគ្រូ រៀនអោយពូកែ ឲ្យស្របទៅតាមគោលការណ៍ របស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យអប់រំនេះ ឆ្ពោះមកមូលដ្ឋាន សំដៅលើកកម្ពស់គុណភាពចំណេះដឹង និងការរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះចំណេះដឹងនិងការរស់ នៅនេះគឺដើរទន្ទឹមគ្នា ដូច្នេះ វិស័យអប់រំ ជាវិស័យស្នូលរបស់រដ្ឋាភិបាល ជាវិស័យអតិភាព នៃយុទ្ធសាស្ត្រចតុកោណ ។
ដូច្នេះប្អូនក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវតែផ្លាស់ប្ដូរឥរិយាបថ ខិតខំរៀនសូត្រឱ្យបានពូកែ ដើរឱ្យទាន់សម័យកាល ព្រោះបច្ចុប្បន្នប្រទេសជាតិ ក៏ដូចជាពិភពលោក កំពុងតែមានការរីកចំរើន ឥតឈប់ឈរ ដូច្នេះទាល់តែយើងមានចំណេះដឹង ទើបអាចប្រកួត ប្រជែងជាមួយគេបាន៕