គៀវ ៖ ប្រជាជនអ៊ុយក្រែនបានបង្ហាញ ការខកចិត្តរបស់ពួកគេ ដែលសហរដ្ឋអាមេរិក មិនអាចផ្តល់ឱ្យទីក្រុងគៀវនូវមីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយ ខណៈដែលការងារជួសជុលការ ផ្គត់ផ្គង់ថាមពល ដែលខូចដល់រោងចក្រថាមពល Zaporizhzhia របស់ប្រទេសនេះ បានបន្ធូរបន្ថយកង្វល់ផ្សេងទៀត ជុំវិញរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ។
ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅសេតវិមានកាលពីថ្ងៃសុក្រ បន្ទាប់ពីមេដឹកនាំសហរដ្ឋអាមេរិក បានផ្តល់សញ្ញាថា ទីក្រុងវ៉ាស៊ីនតោនអាចផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលទីក្រុងគៀវ ជឿជាក់ថានឹងជួយនាំប្រធានាធិបតី រុស្ស៊ីលោក វ្លាឌីមៀ ពូទីន ទៅកាន់តុចរចា។
ប៉ុន្តែទីបំផុតលោក ហ្សេឡិនស្គី បានចាកចេញដោយដៃទទេ ដែលជាលទ្ធផល ដែលគួរឱ្យរន្ធត់ចិត្ត ប៉ុន្តែមិនភ្ញាក់ផ្អើលទេ មនុស្សជាច្រើននៅតាមដងផ្លូវ នៃរដ្ឋធានីអ៊ុយក្រែន ដែលបានរក្សាការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការបញ្ចប់ការឈ្លានពាន ៣ ឆ្នាំកន្លះរបស់រុស្ស៊ីលើប្រទេសរបស់ពួកគេ។
ទាហានអ៊ុយក្រែនម្នាក់ បានថ្លែងប្រាប់សារព័ត៌មាន The Associated Press ថា រូបគេជឿថាការរំពឹងទុកនៃមីស៊ីល Tomahawk សម្រាប់អ៊ុយក្រែន គឺជា “ល្បែង” នយោបាយ អ៊ុយក្រែន នឹងមិនទទួលបានមីស៊ីលទាំងនោះទេ។ លោកបានបន្ដថា អ៊ុយក្រែននៅតែត្រូវការទិញសព្វាវុធថ្មីៗ ដោយមាន ឬគ្មានជំនួយពីអាមេរិក ជាពិសេស នៅពេលដែលយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ី បានបន្តវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលរបស់ប្រទេស។
ទាហានម្នាក់នេះបន្ថែមទៀតថា “ជារៀងរាល់ថ្ងៃ ជនស៊ីវិល និងទាហានស្លាប់ អគារដួលរលំ ផ្លូវ និងទីក្រុងរបស់យើងកំពុងត្រូវបានបំផ្លាញ”។ ប្រទេសរុស្ស៊ី បានលុកលុយប្រទេសជិត ខាងតូចជាងរបស់ខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដោយបង្កឱ្យមានជម្លោះរយៈពេល ៣ ឆ្នាំកន្លះ ដែលបានក្លាយជាសង្រ្គាម ដ៏រង្គោះរង្គើនៅទូទាំងជួរមុខ ១២៥០ គីឡូម៉ែត្រ នៅភាគខាងកើត និងខាងត្បូងរបស់ប្រទេសអ៊ុយក្រែន។
ការខកចិត្តរបស់លោក ត្រាំ ជាមួយនឹងជម្លោះ បានកើតឡើងម្តងហើយម្តងទៀតក្នុងរយៈពេល ៩ ខែចាប់តាំងពីលោកបាន ត្រលប់មកកាន់តំណែង ជាប្រធានាធិបតីអាមេរិកវិញ ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោកបានបង្ហាញភាពអត់ធ្មត់កាន់តែខ្លាំងជាមួយលោក ពូទីន ហើយបានបង្ហាញពីការបើកចំហ កាន់តែខ្លាំងក្នុងការជួយអ៊ុយក្រែនយកឈ្នះសង្រ្គាម រួមទាំងការលក់មីស៊ីល Tomahawks ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
