ព័ត៌មានអន្តរជាតិ

វ៉េណេស៊ុយអេឡា ចាប់ផ្តើមសមយុទ្ធការពារជាតិ ចំពេលមានការគំរាមកំហែងផ្នែកយោធារបស់អាមេរិក

ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានប្រកាសពីការចាប់ផ្តើមសមយុទ្ធយោធា ដែលមានរហស្សនាមថា «ច្រករបៀងដ៏អស្ចារ្យនៃវាលទំនាបវេណេស៊ុយអេឡា» ដែលជាផ្នែកមួយនៃប្រតិបត្តិការ “ឯករាជ្យ ២០០” ដើម្បីពង្រឹងការការពារជាតិ ចំពេលមានការគម្រាមកំហែងយោធារបស់សហរដ្ឋអាមេរិក។

សមយុទ្ធដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍ និងគ្របដណ្តប់រដ្ឋកណ្តាលនៃខេត្ដ Barinas, Portuguesa, Cojedes និង Guarico គឺជាផ្នែកមួយនៃការប្រមូលផ្តុំទូទាំងប្រទេសក្នុងគោលបំណងពង្រឹងការត្រៀមខ្លួនរបស់ប្រទេសប្រឆាំងនឹងការវាយប្រហារពីខាងក្រៅដែលអាចកើតមាន។

លោក ម៉ាឌូរ៉ូ បានឲ្យដឹងនៅក្នុងសារមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “តំបន់ការពារសំខាន់ទាំងអស់នៅទូទាំងប្រទេសឥឡូវនេះគឺសកម្ម និងប្រតិបត្តិការ យើងបានបញ្ចប់តំបន់ទាំងអស់ជាមួយនឹងភារកិច្ចការពារជាមូលដ្ឋានចំនួន ២៧” ។

លោកប្រធានាធិបតីបានគូសបញ្ជាក់ពីការសម្របសម្រួលក្នុងចំណោមវិស័យស៊ីវិល ប៉ូលីស និងយោធា ដោយហៅវាថាជា “ការលាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ” ដើម្បីការពារអធិបតេយ្យភាពជាតិ និងស្ថិរភាពផ្ទៃក្នុង។ លោក ម៉ាឌូរ៉ូ បាននិយាយដោយសំដៅទៅលើអ្វីដែលលោកហៅថា ការកសាងយោធារបស់សហរដ្ឋអាមេរិកនៅតំបន់ការីប៊ីន ក្បែរដែនទឹកវេណេស៊ុយអេឡាថា «យើងចង់បន្តការឈ្នះនៅតាមផ្លូវសន្តិភាព»។

លោកបានបន្ថែមថា សមយុទ្ធត្រូវបានរៀបចំឡើងដើម្បីសម្រេចបាននូវ “កម្រិតនៃការត្រៀមខ្លួនដ៏ល្អប្រសើរ” ក្នុងចំណោមកងកម្លាំងការពារជាតិ តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងទូលំទូលាយ និងការសម្របសម្រួលដែនដី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top