ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបំពេញទស្សនកិច្ចនៅអាល្លឹម៉ង់

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រសួងការបរទេស សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក នឹងបំពេញទស្សនកិច្ច នៅក្នុងប្រទេសអាល្លឺម៉ង់ នៅចុងសប្តាហ៍នេះ ។

មន្ត្រីជាន់ខ្ពស់មួយរូប មកពីក្រសួងការបរទេស បានថ្លែងដោយទ្រួសៗថា លោក Pompeo នឹងធ្វើដំណើរទៅកាន់អាល្លឺម៉ង់ ពីថ្ងៃទី៦ដល់ថ្ងៃទី៨ នៅក្នុងអំឡុងពេលនោះ គាត់នឹងចូលរួមពេញលេញ នៅក្នុងកម្មវិធីជាមួយរដ្ឋាភិបាលអាល្លឺម៉ង់ និងសង្គមស៊ីវិល នៅក្នុងពេលប្រារព្វ ខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ នៃការផ្តួលរំលំជញ្ជាំង ទីក្រុងប៊ែកឡាំង ។

នៅក្នុងការលើកឡើង ដោយទ្រួសៗនេះដែរ បានឲ្យដឹងថា នៅក្នុងអំឡុងពេល បំពេញទស្សនកិច្ចរបស់គាត់ លោក Pompeo នឹងជួបជាមួយអធិការបតីអាល្លឺម៉ង់ Angela Merkel និងជួបជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេស Heiko Maas និងមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ ជាច្រើនរូបទៀត ។

គេបានដឹងថា ក្រុងវ៉ាស៊ីនតោន និងប៊ែកឡាំង ដែល២ប្រទេសនេះ ជាសម្ព័ន្ធមិត្តនៅក្នុងអង្គការ NATO ហើយថ្មីៗ នេះ មិនបានឯកភាពគ្នា នៅក្នុងបញ្ហាមួយចំនួន ដូចជា ការចំណាយលើវិស័យយោធា បញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមទាំងគម្រោងបំពង់នាំប្រេងចូល ដែលគាំទ្រដោយប្រទេសអាល្លឺម៉ង់ និងរុស្ស៊ីនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top