បង់ក្លាដែស ត្រៀមដាក់ពង្រាយទាហាន ១០ម៉ឺន នាក់ សម្រាប់ការបោះឆ្នោត

ដាកា៖ គណៈកម្មាធិការរៀបចំការ បោះឆ្នោត (EC) របស់ប្រទេសបង់ក្លាដែស បានប្រកាសថា ខ្លួននឹងដាក់ពង្រាយបុគ្គលិក យោធាបង់ក្លាដែសរហូតដល់ ១០ម៉ឺននាក់ ដើម្បីផ្តល់សន្តិសុខសម្រាប់ការបោះឆ្នោតទូទៅរបស់ប្រទេស ដែលគ្រោងធ្វើនៅដើមឆ្នាំក្រោយ ។ លោក Akhtar Ahmed លេខាធិការជាន់ខ្ពស់របស់គណៈកម្មការ បានធ្វើសេចក្តីប្រកាសថា “បុគ្គលិកយោធាចន្លោះពី ៩ម៉ឹន ទៅ ១០ម៉ឺន នាក់នឹងត្រូវដាក់ពង្រាយ សម្រាប់ការបោះឆ្នោតសភាជាតិលើកទី ១៣” ។
លោកបានលើកឡើងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ក្នុងអំឡុងកិច្ចសន្ទនាមួយ ដែលបានធ្វើឡើង កាលពីព្រឹកថ្ងៃចន្ទនៅការិយាល័យ EC ក្នុងទីក្រុងដាកា។ កិច្ចប្រជុំនេះ ដែលរួមមានតំណាង មកពីស្ថាប័នអនុវត្តច្បាប់នានា បានផ្តោតសំខាន់លើយុទ្ធសាស្ត្រនានា ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្ត ទៅដោយសេរី យុត្តិធម៌ និងមានការចូលរួម។
បន្ទាប់ពីការពិភាក្សា នោះ លេខាធិការ EC បានលើកឡើងថា ស្ថានភាពបច្ចុប្បន្នមានភាព អំណោយផល សម្រាប់ការបោះឆ្នោត។ លោកបានរៀបរាប់លម្អិតអំពីការរៀបចំសន្តិសុខយ៉ាងទូលំទូលាយ ដែលនឹងរួមបញ្ចូលផងដែរ នូវការដាក់ពង្រាយប៉ូលិសប្រមាណ ១៥ម៉ឺន នាក់ និងសមាជិកបន្ថែមចំនួន ៥៥ម៉ឺននាក់ដែលជាកង កម្លាំងជំនួយប៉ារ៉ាយោធា។
ប្រធានទីប្រឹក្សារដ្ឋាភិបាល បណ្តោះអាសន្ន របស់បង់ក្លាដែសលោក Muhammad Yunus នៅក្នុងខែសីហាបានប្រកាសថា នឹងរៀបចំការបោះឆ្នោតសកល នៅខែកុម្ភៈ ឆ្នាំ ២០២៦ មុនពេលបុណ្យរ៉ាម៉ាដានជាលើកដំបូង ចាប់តាំងពីការបះ បោរដ៏ធំមួយ បានផ្តួលរំលំអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina កាលពីឆ្នាំមុន៕
