ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម ត្រូវបានចោទប្រកាន់ពីបទបៀតបៀន ផ្លូវភេទលើមន្រ្តីស្រ្តីម្នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង

បរទេស៖ អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម ទើបតែត្រូវបានកូរ៉េខាងត្បូង ដាក់ឈ្មោះឱ្យជាប់ពាក់ព័ន្ធនឹង “ការបៀតបៀនផ្លូវភេទ” ក្នុងអំឡុងពេលលោកធ្វើដំណើរ ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ។

យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ចេញផ្សាយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានដកស្រង់សម្តីមន្ត្រីមកពីក្រសួងការពារជាតិកូរ៉េខាងត្បូងដែលនិយាយថា អ្នកដែលត្រូវបានគេដាក់ឈ្មោះក្នុងរឿងអាស្រូវផ្លូវភេទ ចុងក្រោយគឺឧត្តមសេនីយ និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Hoang Xuan Chien ។

ព័ត៌មានខាងលើត្រូវបានចុះផ្សាយ ក្នុងសារព័ត៌មានកូរ៉េជាច្រើន ហើយបានបង្កការខឹងសម្បារ ដល់សាធារណជនក្នុងប្រទេសមួយនេះ។

នេះជាលើកទី៣ហើយ ដែលមន្ត្រីវៀតណាមត្រូវបរទេសចោទថា ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ ក្នុងរយៈពេលតិចជាង២ឆ្នាំ ដែលលើកនេះ ជនត្រូវចោទជាមន្ត្រីជាន់ខ្ពស់ ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានដកស្រង់ប្រភពពីក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃទី២០ ខែតុលា ដោយនិយាយថា ទីភ្នាក់ងារបានកោះហៅអនុព័ន្ធការពារជាតិវៀតណាម ដើម្បីសម្តែងការតវ៉ារបស់ខ្លួន ទាក់ទងនឹងការចោទប្រកាន់ពីបទប្រព្រឹត្តិខុសផ្នែកផ្លូវភេទ ដោយអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលកាលពីខែមុន។

យោងតាមមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង ឧត្តមសេនីយ Hoang Xuan Chien “បានប៉ះដោយមិនសមរម្យ” លើស្ត្រីជាមន្ត្រីរាជការកូរ៉េខាងត្បូង ក្នុងអំឡុងពេលទទួលស្វាគមន៍ជាមួយមន្ត្រីយោធាជាន់ខ្ពស់កាលពីថ្ងៃទី១១ ខែកញ្ញា។

នៅពេលនោះ ឧត្តមសេនីយ Hoang Xuan Chien ស្ថិតនៅក្នុងប្រទេស កូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ច សន្ទនាការពារជាតិ ទីក្រុងសេអ៊ូលឆ្នាំ ២០២៥ ដែលជាព្រឹត្តិការណ៍មួយ ដែលមានការចូលរួមពីមនុស្សប្រហែល ១.០០០ នាក់មកពី ៦៨ ប្រទេស និងអង្គការអន្តរជាតិ៕
ប្រែសម្រួលៈ ណៃ តុលា

To Top