ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ៖ កងកម្លាំងប្រដាប់អាវុធ ត្រូវរក្សាឲ្យបាន នូវសណ្តាប់ធ្នាប់សន្តិសុខជាតិ

កោះកុង ៖ អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី៦ ខែវិច្ចិកានេះ បានចុះត្រួតពិនិត្យសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងទាំង៣ ប្រភេទ ដែលនិងដង្ហែក្បួន ដើម្បីល្បាតការពារសុវត្ថិភាព ការពារសន្តិភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ។

លោកឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរង នគរបាលជាតិបានថ្លែងថា កម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវមានមនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយប្រទេសជាតិ ជាមួយប្រជាពលរដ្ឋ ព្រោះកងកម្លាំងប្រដាប់វុធ មានកាតព្វកិច្ចយ៉ាងសំខាន់ ដើម្បីការពារសុវត្ថិភាព សន្តិភាព ជូនប្រជាជន ជូនប្រទេសជាតិ ដែលកើតមកពីការខិតខំ របស់រាជរដ្ឋាភិបាល ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងថា កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ មិនត្រូវជឿលើសម្តីញុះញ៉ង ជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី ដែលមានផែនការ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ។ ស្របពេលនេះទណ្ឌិត សម រង្ស៊ី កំពុងវិវត្តន៍ខ្លួន ក្លាយទៅជាមេភេវករហើយ ព្រោះតាមរយៈការលើកឡើង របស់ទណ្ឌិតរូបនេះថា នឹងកៀងគរលុយ ដើម្បីឲ្យទ័ពផ្តាច់ខ្លួន ហើយបង្វែរចុងកាណុង ដាក់រាជរដ្ឋាភិបាលវិញ។

លោកស្រីបានបញ្ជាក់ថា កម្លាំងនគរបាលជាតិ ត្រូវប្តេជ្ញាការពារព្រះរាជបល័ង្លឲ្យបានគង់វង្ស ជាពិសេស ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីបេះដូងប្រជារាស្រ្តខ្មែរ ហើយកម្លាំងនគរជាតិ ត្រៀមលក្ខណៈជាស្រេច ដើម្បីកម្ចាត់ជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី ជានិច្ច ទោះបីស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ មិនឲ្យជនក្បត់ជាតិ មកបំផ្លាញសុខសន្តិភាព របស់ប្រទេសកម្ពុជា បានឡើយ ហើយកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួនឲ្យបានរួចរាល់ជាស្រេច ដើម្បីចាប់ខ្លួនជនក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី ឲ្យខាងតែបាន តាមដីការរបស់តុលាការ ប្រសិនឃើញមានវត្តមាន នៅដែនគោ ឬដែនទឹក ក្នុងទឹកដីខេត្តកោះកុង៕

To Top