លោក Putin អះអាងថាជំនួបកំពូល របស់លោកជាមួយនឹងលោក Trump ត្រូវបានពន្យាពេល
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនៅទីក្រុង Budapest ដែលបានគ្រោងទុកជាមួយសមភាគីអាមេរិក លោក Donald Trump គឺបានពន្យារពេល។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោកបានកត់សម្គាល់ថា សំណើដំបូងគឺធ្វើឡើងដោយភាគីអាមេរិក។
មេដឹកនាំរុស្ស៊ីបានសារភាពថា វាជាកំហុសមួយក្នុងការចូលទៅដល់កិច្ចប្រជុំកំពូលដោយគ្មានការរៀបចំចាំបាច់ ដោយលើកឡើងថាកិច្ចប្រជុំអាចនឹងនៅតែធ្វើឡើងនៅពេលក្រោយ។
លោក Putinបានសង្កត់ធ្ងន់ថា ការសន្ទនាតែងតែប្រសើរជាងការប្រឈមមុខគ្នា ការឈ្លោះប្រកែក និងការបន្តសង្រ្គាម។
គួរឲ្យដឹងដែរថាកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក ដែលត្រូវបានគ្រោងនឹងធ្វើឡើងនៅរដ្ឋធានីហុងគ្រី ត្រូវបានប្រកាសកាលពីសប្តាហ៍មុនដោយវិមានក្រឹមឡាំង និងសេតវិមាន បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរវាងលោក Trump និងលោកPutin៕
ប្រែសម្រួល៖ ស៊ុន លី
