ចិន បញ្ជាក់ពីការត្រៀមខ្លួន ក្នុងការធ្វើការជាមួយសមាជិកអាស៊ាន ដើម្បីកសាងពាណិជ្ជកម្មសេរី ៣.០ ប្រកបដោយជោគជ័យ
កូឡាឡាំពួរ៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានឲ្យដឹងថា ប្រទេសចិន ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយសិង្ហបុរី និងសមាជិកដទៃទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីធ្វើឲ្យតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ទទួលបានជោគជ័យ និងរួមគ្នាសម្រេចបានការអភិវឌ្ឍកាន់តែធំ។
លោក លី បានធ្វើការកត់សម្គាល់នេះ នៅពេលជួបជាមួយប្រធានាធិបតីស្តីទីសិង្ហបុរី លោក Eddie Teo ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់លោកមកកាន់ប្រទេសនេះ។ លោកបានលើកឡើងថា ប្រទេសចិនមានឆន្ទៈក្នុងការរក្សាការទំនាក់ទំនង និងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសិង្ហបុរី ក្នុងយន្តការពហុភាគី ធ្វើការរួមគ្នាដើម្បីលើកកម្ពស់ពហុភាគីនិយម និងពាណិជ្ជកម្មសេរី និងលើកកម្ពស់ពិភពលោកពហុប៉ូលដែលស្មើភាព និងមានសណ្តាប់ធ្នាប់ ក៏ដូចជាសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលមានប្រយោជន៍ជាសកល ។
ដោយកត់សម្គាល់ថា ពិភពលោកបានចូលដល់ដំណាក់កាលថ្មីនៃភាពចលាចល និងការផ្លាស់ប្តូរជាមួយនឹងបញ្ហាប្រឈមសកលដែលជាប់ទាក់ទងគ្នា លោក លី បានលើកឡើងថា ប្រទេសចិន និងសិង្ហបុរី ក្នុងនាមជាប្រទេសជិតខាងដ៏រួសរាយរាក់ទាក់ និងជាដៃគូសំខាន់ៗ គួរតែពង្រឹងឯកភាព និងកិច្ចសហប្រតិបត្តិការ។
ដោយសម្លឹងមើលទៅអនាគត ប្រទេសចិន មានឆន្ទៈក្នុងការបង្កើនការផ្លាស់ប្តូរកម្រិតខ្ពស់ និងការទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយប្រទេសសិង្ហបុរី គាំទ្រផលប្រយោជន៍ស្នូល និងកង្វល់ធំៗរបស់គ្នាទៅវិញទៅមក ពង្រឹងទំនុកចិត្តនយោបាយទៅវិញទៅមក ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងស្ថិរភាពនៃទំនាក់ទំនងចិន-សិង្ហបុរី ដែលផ្តល់ផលប្រយោជន៍កាន់តែប្រសើរដល់ប្រទេសទាំងពីរ តំបន់ និងពិភពលោក។
លោកបានចង្អុលបង្ហាញថា សម័យប្រជុំពេញអង្គលើកទីបួនថ្មីៗនេះ នៃគណៈកម្មាធិការកណ្តាលលើកទី ២០ នៃបក្សកុម្មុយនិស្តចិន (CPC) បានពិភាក្សា និងអនុម័តអនុសាសន៍សម្រាប់ការបង្កើតផែនការប្រាំឆ្នាំលើកទី ១៥ ដែលផ្តល់នូវឱកាសសំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងចិន និងសិង្ហបុរី។
លោកបានបន្ដថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយប្រទេសសិង្ហបុរី ដើម្បីទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដែលកំពុងរីកចម្រើនដូចជា សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង និងបញ្ញាសិប្បនិម្មិត ដោយចាក់បញ្ចូលសន្ទុះបន្ថែមទៀតទៅក្នុងដំណើរការទំនើបកម្មរបស់គ្នាទៅវិញទៅមក។
លោក បានគូសបញ្ជាក់ថា សហគ្រាសសិង្ហបុរីកាន់តែច្រើនត្រូវបានស្វាគមន៍ក្នុងការបន្តស្វែងយល់ពីទីផ្សារដ៏ធំទូលាយរបស់ប្រទេសចិន និងចែករំលែកឱកាសដ៏អស្ចារ្យសម្រាប់ការអភិវឌ្ឍ ដោយបន្ថែមថា ភាគីទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រជាជន និងប្រជាជន។
ចំណែកលោក Eddie Teo បានកត់សម្គាល់ថា ចិន និងសិង្ហបុរីមានប្រវត្តិយូរអង្វែងនៃការផ្លាស់ប្តូរនិងចំណងមិត្តភាពជិតស្និទ្ធ។ លោកបានថា ខណៈពេលដែលឆ្នាំនេះជាខួបលើកទី ៣៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ទំនាក់ទំនងទ្វេភាគីកំពុងរីកចម្រើនជាមួយនឹងសន្ទុះដ៏រឹងមាំ៕
ប្រែសម្រួល ឈូក បូរ៉ា
