ព័ត៌មានអន្តរជាតិ

អាស៊ី-ប៉ាស៊ីហ្វិក គួរតែរួមគ្នាទប់ទល់នឹងការគាំពារនិយម និងបន្តការប្តេជ្ញាចិត្ត ចំពោះការបើកចំហ

ប៉េកាំង៖ ដោយសារកំណើនសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះនឹងឧបសគ្គ ចំពេលមានការកើនឡើងនៃការគាំពារនិយម កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នាពេលខាងមុខនៅកូរ៉េខាងត្បូងបានមកដល់ពេលវេលាដ៏សំខាន់មួយ។

ពិភពលោកកំពុងតាមដានថាតើអាស៊ី-ប៉ាស៊ីហ្វិក ជាតំបន់ដែលមានភាពស្វាហាប់ និងមានទំនាក់ទំនងគ្នាច្រើនបំផុតនៅលើភពផែនដី អាចបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនម្តងទៀតក្នុងការជ្រើសរើសការបើកចំហ និងកិច្ចសហប្រតិបត្តិការជាជាងភាពឯកោ និងការបែកបាក់។

អាស៊ី-ប៉ាស៊ីហ្វិក គឺជាកម្លាំងចលករដ៏សំខាន់នៃកំណើនសកលលោកក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ ជាជម្រករបស់ប្រជាជនមួយភាគបីនៃពិភពលោក និងជិតពាក់កណ្តាលនៃពាណិជ្ជកម្មសកល តំបន់នេះត្រូវបានកំណត់ដោយភាពចម្រុះសេដ្ឋកិច្ច និងសេចក្តីប្រាថ្នារួមគ្នា សម្រាប់ការអភិវឌ្ឍ។

ខណៈពេលដែលពិភពលោកកំពុងតស៊ូជាមួយនឹងភាពមិនប្រាកដប្រជាកើនឡើង និងនិន្នាការគាំពារនិយមកើនឡើង អាស៊ី-ប៉ាស៊ីហ្វិក ជៀសមិនរួចពីផលប៉ះពាល់ របាំងពាណិជ្ជកម្មកំពុងកើនឡើង ការប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយកំពុងកាន់តែជ្រៅ ហើយប្រព័ន្ធពាណិជ្ជកម្មពហុភាគីកំពុងស្ថិតនៅក្រោមភាពតានតឹងកាន់តែខ្លាំងឡើង។

យ៉ាងណាក៏ដោយ ក្នុងចំណោមបញ្ហាប្រឈមទាំងនេះ ការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់តំបន់ចំពោះការបើកចំហ ភាពជាដៃគូ និងការសន្ទនា លេចធ្លោជាកម្លាំងធ្វើឱ្យមានស្ថិរភាព។ វារំលឹកពិភពលោកថា កិច្ចសហប្រតិបត្តិការ មិនមែនការប្រឈមមុខដាក់គ្នានោះទេ នៅតែជាមាគ៌ាដ៏គួរឱ្យទាក់ទាញបំផុតឆ្ពោះទៅរកវិបុលភាពរួមគ្នា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top