ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ចាប់ផ្តើមពិភាក្សា ដើម្បីអាចបើកឲ្យដំណើរការកម្មវិធីតេឡេក្រាមឡើងវិញ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទីភ្នាក់ងារសារព័ត៌មាន Mehr បានរាយការណ៍កាលពីថ្ងៃពុធថា ក្រសួងព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ (ICT) របស់អ៊ីរ៉ង់បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយនឹងក្រុមហ៊ុន Telegram និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ក្នុងគោលបំណងធ្វើឱ្យពួកគេគោរពតាមលក្ខខណ្ឌរបស់ទីក្រុងតេហរ៉ង់ ដើម្បីអាចដំណើរការប្រតិបត្តិការរបស់ខ្លួនឡើងវិញ។

ទីភ្នាក់ងារបាននិយាយថា ទីក្រុងតេហរ៉ង់នឹងឈប់រារាំងក្រុមហ៊ុនអ្នកជំនាញបច្ចេកវិទ្យាសារអេឡិកត្រូនិកទាំងនោះ ប្រសិនបើពួកគេចាត់វិធានការដើម្បីបំពេញនូវជំហានមួយចំនួនដែលកំណត់ដោយក្រុមប្រឹក្សាជាន់ខ្ពស់អ៊ីរ៉ង់នៃដំណោះស្រាយតាមអ៊ីនធឺណិតនៅដើមឆ្នាំនេះ។

លក្ខខណ្ឌរួមមានវេទិកាដែលអនុលោមតាមតម្រូវការសន្តិសុខជាតិរបស់អ៊ីរ៉ង់ ការរក្សាអធិបតេយ្យភាពរបស់ខ្លួន ការពង្រឹងនីតិរដ្ឋ និងមិនធ្វើឱ្យប៉ះពាល់ដល់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងស្រុក នេះបើយោងតាម ​​Mehrបានបញ្ជាក់បន្ថែម ។

សេចក្តីសម្រេចក៏បានកំណត់យន្តការសម្រាប់សមាជិកមួយចំនួននៃក្រុមឃ្លាំមើលអ៊ីនធឺណែត ដើម្បីដឹកនាំការចរចា ដោយការទទួលខុសត្រូវចម្បងសម្រាប់កិច្ចពិភាក្សានេះស្ថិតនៅក្រោមក្រសួង ICT របស់អ៊ីរ៉ង់ផងដែរ។

រំលឹកដែរថាទីក្រុងតេហរ៉ង់បានហាមប្រាម Telegram និងអ្នកនាំសារមួយចំនួនទៀតក្នុងឆ្នាំ២០១៨ ដោយលើកហេតុផលថាពួកគេត្រូវបានប្រើប្រាស់ដោយក្រុមប្រឆាំងរដ្ឋាភិបាលដើម្បីញុះញង់ឱ្យមានអំពើហិង្សា និងគំរាមកំហែងសន្តិសុខជាតិចំពេលមានចលាចលរីករាលដាលកើតឡើង៕

ប្រែសម្រួល៖ ស៊ុនលី

To Top