ប្រធានរដ្ឋសភា ស្នើក្រុមមិត្តភាពរដ្ឋសភា បារំាង-កម្ពុជា លើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជន ជំរុញអ្នកទេសចរ និងអ្នកវិនិយោគបារំាងទៅកម្ពុជាបន្ថែមទៀត
 
																						
											
											
											ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ថូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅក្នុងនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋបារាំង ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។

សម្តេច ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ចំណងមិត្តភាពជាប្រវត្តិសាស្រ្តកម្ពុជា-បារំាង មានការរីកចម្រើនគួរកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅនៃថ្នាក់ដឹកនាំប្រទេសទំាងពីរ។

សម្តេច ប្រធានរដ្ឋសភា បានលើកឡើងថា ក្រុមមិត្តភាពបារាំង-កម្ពុជា បានដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេច បានស្នើ លោក ថូម៉ាស់ ឡាំ រៀបចំនូវសកម្មភាព និងគំនិតផ្ដួចផ្ដើមបន្ថែមទៀតដើម្បីតភ្ជាប់ទំនាក់ទំនងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងជំរុញការយោគយល់គ្នាទៅវិញទៅមក។ សម្តេច បន្តថា យុវជនកម្ពុជាបច្ចុប្បន្នបានងាកមកសិក្សាភាសាបារំាងកាន់តែច្រើន ហើយពលរដ្ឋកម្ពុជា ក៏នៅតែមានការកំាទ្រផលិតផលបារំាង ដូចជាឱសថ ជាដើម។ ដូច្នេះអ្នកវិនិយោគបារំាងគួរឆ្លៀតឱកាសនេះដើម្បីវិនិយោគនៅកម្ពុជា។ សូមកុំសម្លឹងកម្ពុជាត្រឹមកម្ពុជា ១៧លាននាក់ តែសម្លឹងកម្ពុជាក្នុងក្របខ័ណ្ឌអាស៊ាននិង RCEP ដែលមានប្រជាពលរដ្ឋរាប់រយលាននាក់។


លោក ប្រធានក្រុមមិត្តភាពរដ្ឋសភាបារំាង-កម្ពុជា បានគំាទ្រប្រសាសន៍លើកឡើងរបស់ សម្តេច ប្រធានរដ្ឋសភា និងបានបញ្ជាក់ថា លោក នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការបារំាង-កម្ពុជាឱ្យកាន់តែរឹងមាំឡើង។ លោក បានអបអរសាទរការទទួលធ្វើជាម្ចាស់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងសូមឱ្យកម្ពុជាទទួលបានជោគជ័យនៅក្នុងការរៀបចំកិច្ចប្រជុំនោះ៕
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									