សហរដ្ឋអាមេរិក កំពុងដាក់ពង្រាយយោធា ប្រហែល ១៦.០០០នាក់ រួមទាំងនាវាចម្បាំង នៅក្បែរប្រទេស វ៉េណេស៊ុយអេឡា
បរទេស៖ កាសែត Washington Post បានរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងដាក់ពង្រាយយោធា ដ៏ធំមួយទៅកាន់តំបន់ក្បែរប្រទេស វេណេហ្ស៊ុយអេឡា រួមទាំងទាហាន ១០.០០០ នាក់ និងនាវិក ៦.០០០ នាក់ ។ ការដាក់ពង្រាយនេះ អាចបង្ហាញពីផែនការ ពង្រីកប្រតិបត្តិការក្នុងតំបន់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចោទ ប្រទេសវ៉េណេស៊ុយអេឡាម្តង ហើយម្តងទៀតថា បានជួយ “ពួកភេរវករ” និងបានដាក់ទណ្ឌកម្មយ៉ាង ទូលំទូលាយលើប្រទេសនេះ។ យោធាអាមេរិកក៏បានវាយប្រហារ លើកប៉ាល់ជាច្រើនគ្រឿងផងដែរ ចាប់តាំងពីខែកញ្ញា ដោយអះអាងថា កប៉ាល់ទាំងនោះត្រូវបានប្រើប្រាស់ ដោយអ្នករត់ពន្ធគ្រឿងញៀន។
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolás Maduro បានបដិសេធ ការចោទប្រកាន់នេះ ដោយចោទរដ្ឋាភិបាលទី ក្រុងវ៉ាស៊ីនតោនវិញថា “ផលិតសង្រ្គាមថ្មី” ចំពេលមានការបន្តពង្រឹងយោធា។
យោងតាមកាសែត Washington Post , នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកចំនួន ៨ គ្រឿង នាវាប្រតិបត្តិការពិសេស និងនាវាមុជទឹកវាយប្រហារដោយថាមពលនុយក្លេអ៊ែរ បានស្ថិតនៅក្នុងតំបន់ Caribbean រួចហើយ។ នាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលរំពឹងថា នឹងមកដល់នៅ សប្តាហ៍ក្រោយ តាមសេចក្តីរាយការណ៍ថា នឹងនាំយកនាវាយោធា ចំនួនបីបន្ថែមទៀតជាមួយ នឹងបុគ្គលិកយោធាសរុបជាង ៤.០០០ នាក់នៅលើយន្តហោះ៕
ប្រែសម្រួលៈ ណៃ តុលា
