រដ្ឋមន្រ្តីសុខាភិបាល ៖ សុខភាពប្រជាជន គឺជាសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិ
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យដោយមិនមានការជូនដំណឹងនៅមណ្ឌលសុខភាព គោកព្រេច ស្រុកគីរីវង្ស ខេត្តតាកែវបានលើកឡើងថា សុខភាពប្រជាជន គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិដែលមិនអាចកាត់ថ្លៃបាន។

ក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យបានសង្កេតឃើញថា សេវាសុខាភិបាលនៅតំបន់ព្រំដែនភាគខាងត្បូងប្រទេស មានការបម្រើសេវាដែលមានចំណុចល្អគួរឲ្យកត់សម្គាល់រួមមាន ៖ ការទទួលបដិសណ្ឋារកិច្ចអ្នកជំងឺបានល្អ , ការបម្រើសេវាដោយភាពរហ័សរហួន និងមានការប្រាស្រ័យទាក់ទងអ្នកជំងឺបានសមរម្យ , ការពន្យល់ច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈ , បរិស្ថានជុំវិញសមស្រប មានការថែទាំល្អ , អនាម័យក្នុងអគារ និងបន្ទប់ពិនិត្យព្យាបាលជំងឺល្អ និងអនាម័យបន្ទប់ទឹកទទួលយកបាន និងឈានកាន់តែប្រសើរឡើង។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក៏បានផ្ញើសារជូនសហភាតរៈសុខាភិបាលទាំងអស់ថា សុខភាពប្រជាជនអាស្រ័យលើការប្តេជ្ញា ក្រមសីលធម៌ថ្លៃថ្នូរ និងសាមគ្គីភាព ព្រមទាំងធ្វើការជាក្រុម។ លោកថា “អ្វីដែលយើងបានឃើញថ្ងៃនេះ ជាក្តីសង្ឃឹម និងមោទនភាពសម្រាប់អនាគតប្រព័ន្ធសុខាភិបាលរបស់យើង”៕






